គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យមួយគ្រួសារ នៅស្រុកគូលែន ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

ព្រះវិហារ៖ លោកគឹម វិចិត្រ អភិបាលរងស្រុកគូលែន និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុក រួមដំណើរដោយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមមាន៖ ថវិការចំនួន ១លាន ៣០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់មួយចំនួន មកឧបត្ថម្ភជូនដល់គ្រួសារដែលរងគ្រោះ ដោយសារគ្រោះអគ្គីភ័យ កាលពីរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ស្ថិតនៅក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសប្រគល់អំណោយនេះផងដែរអភិបាលរងស្រុកគូលែន លោកគឹម វិចិត្រ បាននាំមកនូវសេចក្តីនឹករលឹកផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបទុក្ខលំបាកភ្លើងឆេះផ្ទះ ខ្យល់កន្ត្រាក់ និងបញ្ហាផ្សេងៗ។ លោកបន្តថា កន្លែងណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះមកដល់ទាន់ពេលវេលា ដើម្បីជួយបន្ធូបន្ថយ និងលើកទឹកចិត្តដល់បងប្អូនជានិច្ច។
ជាមួយគ្នានោះលោកអភិបាលរងស្រុក ក៏មិនភ្លេចនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានកិត្តិយសកាកបាទក្រហមខេត្តព្រះវិហារ ជាមួយក្រុមគ្រួសារជនរងគ្រោះដោយភ្លើងឆេះផ្ទះ។
ជាមួយគ្នានោះលោកក៏បាន ថ្លែងអំណរអរគុណចំពោះការចូលរួមពីកងកម្លាំងទាំងបីនិងប្រជាពលរដ្ឋអាជីវករ ដែលបានចូលរួមចំណែកភាគទានផ្តល់ឲ្យកាកបាទក្រហម ដើម្បីឲ្យកាកបាទក្រហមកម្ពុជា យកថិការសម្ភារៈជូនបងប្អូនជួយបន្តទៅដល់ពលរដ្ឋដែលជួបបញ្ហាផ្សេងៗ បានទាន់ពេលវេលា៕សែមឡុំ