សមាជិកព្រឹទ្ធសភាថ្លែងថាសមិទ្ធផលទាំងអស់មិនមែនកើតឡើងដោយឯងៗនោះទេត្រូវមានការចូលរួមសាមគ្គីគ្នា

0

កំពង់ធំ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានថ្លែងថាសមិទ្ធផលទាំងអស់មិនមែនកើតឡើងដោយឯងៗនោះទេត្រូវមានការចូលរួមសាមគ្គីគ្នា ។
លោកជំទាវបានថ្លែងយ៉ាងដូច្នេះក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារនិងបញ្ចុះបឋមសិលាកសាងកុដិថ្មីនៅវត្តឥន្ទនិមិត្ត ហៅវត្តត្បែង ស្ថិតនៅភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២២ ។
កម្មវិធីនេះមានការចូលរួមពី លោក សួន ឡុញ ប្រធានក្រុមប្រឹក្សាស្រុក លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយសប្បុរសជន និងប្រជាពលរដ្ឋជាច្រើនផងដែរ ។
លោកជំទាវ ឃួន ឃុនឌី បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សប្បុរសជន និងប្រជាពលរដ្ឋដែលបានខិតខំជ្រោមជ្រែងសហការសាមគ្គីគ្នាកសាងសមិទ្ធផលដ៏ច្រើនក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លោកជំទាវបន្តថាវិស័យយពុទ្ធចក្រនិងអាណាចក្រត្រូវពឹងផ្អែកលើកត្តាសន្តិភាព
ស្ថិរភាពនយោបាយនិងសុវត្ថិភាពសង្គមចាំបាច់ជាចម្បង ដែលមិនអាចខ្វះបាន ជាក់ស្តែងសមិទ្ធិផលនានាមានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឲ្យឃើញស្រាប់។
លោកជំទាវថ្លែងគូសបញ្ជាក់ថាបើសិនប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប្រកបរបរបានដោយសេរីមានជីវភាពធូរធារប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ កត្តាដែលប្រទេសជាតិមានសុខសន្តិភាពពិតជាមានតម្លៃណាស់សម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាកម្ពុជាផងដែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការបោះជំហានអភិវឌ្ឍបន្ថែមទៀត។
លោកជំទាវបានរំលឹកថាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យរឹងមាំនិងត្រូវមានជំនឿលើខ្លួនឯង ជឿលើរាជរដ្ឋាភិបាលខ្លួនឯង ជឿលើគោលនយោបាយ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាបន្តទៀតជាពិសេសនៅតែគោរពបូជាព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋលោកកជំទាវបានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវអប់រំកូនឲ្យជៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានិងចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
គួរបញ្ជាក់ថាក្លោងទ្វារបានសម្ពោធជាផ្លូវការនិងបញ្ចុះបឋមសិលាកសាងកុដិថ្មីមានទំហំ១៣ម៉ែត្រX៩ម៉ែត្រកម្ពស់ពីជាន់និងបានចូលរួមបច្ច័យកសាងនូវទឹកប្រាក់១៤លានរៀល ចែកអំណោយដល់អ្នកចូលរួមចំនួន២៦៦នាក់ក្នុងម្មាក់ទទួលបានក្រមា១ សាប៊ូ១ដុំ ថវិកា១ម៉ឺនរៀលនិងបានផ្តល់សំលៀកបំពាក់ប្រជាការពារភូមិបាគងនិងភូមិត្បែងចំនួន៣០កំប្លេរនិងថវិកា៦០ម៉ឺនរៀលផងដែរ ៕