អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាការងារជាមួយព្រះសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង នៃពុទ្ធិសាកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយព្រះសាកលវិទ្យាធិការ និង គណៈគ្រប់គ្រង នៃពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពី ការ បណ្តុះបណ្តាល និង ការ សាងសង់ ដើម្បី ស្នើសុំ គោលការណ៍ ប្រារព្ធ ពិធី បើក សម្ពាធ អគារ រដ្ឋបាល ថ្មី ១ខ្នង ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម នាពេល ខាងមុខនេះ ផងដែរ ។
ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ធ្វើការ កោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ ព្រះសាកលវិទ្យាធិការ និង គណៈគ្រប់គ្រង នៃពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល បាន រួម សាមគ្គី គ្នា ក្នុង ការ ខិតខំ គៀងគរ ស្វែងរក សប្បុរសជន សាងសង់ អគារ រដ្ឋបាល ថ្មី ១ខ្នង ក្នុង តម្លៃ ប្រមាណ ជាជា ង ៦៤ម៉ឺន ដុល្លារ សម្រាប់ ឲ្យ ព្រះមន្ត្រីសង្ឃ និង មន្ត្រី រាជការ បំពេញ ការងារ ប្រចាំថ្ងៃ បណ្តុះបណ្តាល ធនធាន សមណនិស្សិត និស្សិត កម្រិត ឧត្ដម សិក្សា និង ក្រោយ ឧម្តមសិក្សា ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ឯកភាព គាំទ្រ ចំពោះ ការ ស្នើ សុំ រៀបចំ ប្រារព្ធ ពិធី បើក សម្ពាធ ដាក់ ឲ្យ ប្រេីប្រាស់ ជា ផ្លូវការ នូវអគារ រដ្ឋបាល នៃពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល មាន បណ្ដោយ ប្រវែង ១៨ម៉ែត្រ ទទឹង ប្រវែង ១៦ម៉ែត្រ កម្ពស់ ៤ជាន់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលទើប នឹងសាងសង់ រួចរាល់ ជាស្ថាពរ ក្នុង អំឡុង ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ។
បើតាមព្រះសាកលវិទ្យាធិការ បាន មានសង្ឃដីកា ថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សាស្ត្រាចារ្យដែលបាននិងកំពុងបង្រៀនសរុបចំនួន ៧៥រូប ក្នុងនោះសាស្ដ្រាចារ្យក្របខណ្ឌចំនួន៦រូប ហេីយចាប់ពីឆ្នាំសិក្សា២០១៨ ដល់ឆ្នាំសិក្សា២០២១ សមណនិស្សិត និស្សិត ដែលបានសិក្សា និងបានការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រប្រកបដោយជោគជ័យ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅពេលសម្ពោធ អគារសិក្សា បណ្ណាល័យ និងអគាររដ្ឋបាល ខាងមុខនេះមានចំនួន ៥៩៤អង្គ/នាក់ ដែលមាន ៣ជំនាន់ ហើយពួក គាត់មានការងារធ្វើគ្រប់ៗគ្នា (៩៩%)។
ព្រះសាកលវិទ្យាធិការ បានបញ្ជាក់ថា សមណនិស្សិត និស្សិត ដែលបានសិក្សា និងការពារសារណាបទបញ្ចប់សរុប ទាំងអស់មាន ១០ជំនាន់ (២០១២-២០២១) ស្មើនឹង ៨៨៥រូប ហើយពួកគាត់មានការងារធ្វើ ៩៩% (មន្ត្រីរាជការ ៧០% តាមអង្គការ សមាគម ៦% តាមក្រុមហ៊ុន ១៤% មន្ត្រីកិច្ចសន្យា ៧% បើកអាជីវកម្មផ្ទាល់ខ្លួន ២% និងទៅសិក្សានៅបរទេស ១%)។ សម្រាប់ ឆ្នាំសិក្សា២០២១-២០២២ នេះ សមណនិស្សិត និស្សិតដែលកំពុងសិក្សាសរុបទាំងអស់ ចំនួន៩៧១ អង្គ/នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន ៨១៩រូប (ព្រះសង្ឃ ៨៦អង្គ ស្រី ៤៧៨រូប) ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៥២ អង្គ/នាក់ (ព្រះសង្ឃចំនួន៨ អង្គ ប្រុស៦៣ នាក់) ៕