អំហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅ វាយក្បាលប្រពន្ធ ត្រូវប៉ូលិសវ៉ៃខ្នោះ

ខេត្តបាត់ដំបង ៖ ប្តីកំណាចមួយរូប ត្រូវបានសមត្ថកិច្ចស្រុកថ្មគោល ចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះបានប្រើហឹង្សាទៅលើប្រពន្ធ ដោយវាយក្បាលនឹងខ្នងពូថៅ បណ្តាលអោយសន្លប់។

ករណីនេះបានកើតឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ: ឆ្នាំ២០២២ វេលាម៉ោង ៨ និង ៥០នាទី យប់ នៅចំណុចក្រុមទី១២ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

បទហឹង្សាដោយចេតនាមានអាវុធនេះ បានបង្កឡើងដោយបុរសជាប្តី ឈ្មោះ ហ៊ុន ត្រឹម អាយុ៥៧ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ បានផឹកស្រាស្រវឹង ហើយក៏មានការទាស់សម្តីជាមួយប្រពន្ធឈ្មោះ ប៉ាក យ៉ែន អាយុ៥៣ឆ្នាំ ទើបគេបានស្ទុះទៅទាញពូថៅ វាយទៅលើប្រពន្ធ បណ្តាលអោយរងរបួសពកក្បាលផ្នែកខាងក្រោយ និងបណ្តាលអោយសន្លប់នៅនិងកន្លែង ដោយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលដើម្បីព្យាបាល។

ភ្លាមៗនោះ ក្រោយពីបានទទួលនូវសេចក្តីរាយការណ៍រួចមក លោកអធិការ សេង លុច បានចាត់កម្លាំងជំនាញចុះទៅឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន តាមបញ្ជារបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដោយបច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ អត្ថបទ : ព្រាប.ស