រឿងគំនុំទំនាស់ព្រំដីបានបង្កឲ្យមានការឈ្លោះទាស់ទែងគ្នានិងប្រើប្រាស់អំពើហិង្សាយកកន្ដ្រៃចាក់បណ្ដាលឲ្យសន្លប់នៅនឹងកន្លែង

កំពង់ធំ÷ ដោយមានការឈ្លោះទាស់ទែងគ្នាជាហូរហែពីបញ្ហាទំនាស់ព្រំដី បណ្តាលឱ្យចងគំនុំគ្នាជាសត្រូវរហូតដល់មានការខ្វែងគំនិតគ្នា បង្កើតឲ្យមានបញ្ហាចាក់មួយកន្ត្រៃដល់ជនរងគ្រោះបណ្ដាលឱ្យសន្លប់នៅនឹងកន្លែងកើតហេតុ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ៧:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ មានករណីហិង្សាចេតនា មានអាវុធ(កន្រ្តៃ)បណ្តាលឱ្យរបួសធ្ងន់ កើតហេតុត្រង់ចំណុចមុខតូបលក់ដូរឈ្មោះពៀច ផិញ /ស្រី រស់នៅភូមិនីពេជ(ក)ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតលើផ្លូវក្រាលកៅស៊ូ។

បទហិង្សាដោយចេតនាមានអាវុធជាកន្ត្រៃមុខស្រួច បានបង្កឡើងដោយបុរសជាប្រជាពលរដ្ឋ រស់នៅភូមិនីពេជ(ក)ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជនសង្ស័យឈ្មោះ បៀត ភត អាយុ៤៧ឆ្នាំ ចាក់មួយកន្ត្រៃទៅលើជនរងគ្រោះឈ្មោះ ឈឿង រ៉ាឃុន អាយុ២៧ឆ្នាំនៅភូមិ/ឃុំកើតហេតុខាងលើ បណ្ដាលឱ្យ( របួសធ្ងន់)ត្រូវចំ ពោះក្រោមផ្សិតផ្នែកខាងមុខ។ មូលហេតុ: មានគំនុំទំនាស់ព្រំដី(ព្រំដីផ្ទះជាប់គ្នា)និងបណ្តាលអោយសន្លប់នៅនិងកន្លែង ដោយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដើម្បីព្យាបាល។

ភ្លាមៗនោះ ក្រោយពីបានទទួលនូវសេចក្តីរាយការណ៍រួចមក លោកវីរៈសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយ បានចាត់កម្លាំងជំនាញចុះទៅឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន តាមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ មកដល់ពេលនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕