ប្រទះឃើញរថយន្ត BMW ថ្មីស្រឡាង ត្រូវគេកប់ក្នុងដី យ៉ាងអាថ៌កំបាំង

0

ខេត្តនគរស៊ីថាំរ៉ាត ប្រទេសថៃ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញរថយន្តមួយគ្រឿងដែលជនអនាមិកយកមកកប់ចោលក្នុងដី ដោយគ្រាន់តែលេចចេញនូវដំបូល និងកាបូខាងមុខតែបន្តិចប៉ុណ្ណោះ ព្រោះដោយសារដីប៉ើងចេញនៅពេលមានភ្លៀងធ្លាក់។

ការប្រទះឃើញដំបូលរថយន្តដ៏ទំនើប និងថ្មីស្រឡាងមួយនេះ កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ: ឆ្នាំ២០២២ ត្រង់ចំណុចក្នុងចំការដើមដូងប្រេង ក្បែស្ពានឆ្លងទៅសាលារៀន បានណុកវ៉ាក់ ស្ថិតក្នុងភូមិ២ ឃុំសួនហ្លួង ស្រុកឈ្លើមប្រាកៀត ខេត្តនគរស៊ីថាំរ៉ាត ប្រទេសថៃ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍រួចមក សមត្ថកិច្ចបានដាក់អេស្កា ចុះកាយជុំវិញដើម្បីលើកយករថយន្តឡើងមកលើ ដោយសមត្ថកិច្ចគិតថា ប្រាកដជាអំពើឃាតកម្មដោយកប់ទាំងរថយន្ត និងម្ចាស់រថយន្តដើម្បីបំបាត់ដាន។

នៅពេលជីកបានជម្រៅប្រហែល ១,៥០m ហើយក៏បានទាញយករថយន្តឡើងមកលើដីរួចមក សមត្ថកិច្ចរកមើលសាកសពមនុស្សម្នាក់ក៏គ្មានដែរ ដែលបញ្ហានេះបានធ្វើអោយសមត្ថកិច្ចថៃឈឺក្បាលមិនធម្មតា ដោយរថយន្តនេះម៉ាក BMW ស៊ែរី E៤៦ គ្មានស្លាកលេខ គ្រប់កញ្ចក់ទាំងអស់ត្រូវបានគេវាយបំបែកគ្មានសល់ ដោយឡែកលេខម៉ាសុីនគឺ JA ៧១០០៧ ។

នៅជំហ៊ានទី២នេះ សមត្ថកិច្ចថៃបានសន្និដ្ឋានថា រថយន្តនេះ អាចពាក់ព័ន្ធនឹងអំពើទុច្ចរិតអ្វីមួយ ដូចជាបទល្មើសឧក្រិដ្ឋ ឬក៏ករណីជួញដូរគ្រឿងញៀនធំៗជាដើម ទើបគេយកមកកប់ចោលក្នុងដីដើម្បីបំបាត់ភស្តុតាង។ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងមមាញឹកក្នុងការស្វែងរកម្ចាស់រថយន្តតាមរយៈ:លេខម៉ាស៊ីនរថយន្ត និងចំណុចសំខាន់ៗមួយចំនួនទៀតដែលមិនអាចលាតត្រដាងបាន ដើម្បីយកមកសាកសួរ៕ អត្ថបទ : ព្រាប.ស