ជនរងគ្រោះពីរនាក់ដែលបាត់ខ្លួនក្នុងអំពើឃាតកម្ម នៅមណ្ឌលគិរី បានរកឃើញហើយ

0

ខេត្តមណ្ឌលគិរី៖ ជនរងគ្រោះពីរនាក់ ដែលបានបាត់ខ្លួនក្នុងអំពើឃាតកម្មមួយ នៅក្នុងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៣ខែកុម្ភៈនេះ សមត្ថកិច្ចបានរុករកឃើញហើយ ប៉ុន្តែគួរឲ្យសោកស្តាយ ជនរងគ្រោះទាំងពីរ គឺបានស្លាប់បាត់បង់ជីវិតទៅហើយ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ សពជនរងគ្រោះដែលបានបាត់ខ្លួនកាលពីថ្ងៃទី១ខែកុម្ភៈ ត្រូវបានគេប្រទះឃើញ នៅចម្ងាយប្រមាណជាង១០០ម៉ែត្រ ពីផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា សាកសពជនរងគ្រោះ ដែលទើបរកឃើញក្នុងថ្ងៃនេះមគឺ ១.ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ឆ្នាំជាជនជាតិព្នង និងទី ២.ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ ៥ឆ្នាំ ជាជនជាតិព្នង ដោយនៅលើរាងកាយអ្នកទាំងពីរ មានការវាយនឹងវត្ថុរឹងរហូតដល់ស្លាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងអំពើឃាតកម្មនេះ គឺមានមនុស្សរហូតដល់ទៅ ៥នាក់ដែលបានស្លាប់បាត់បង់ជីវិត ក្នុងនោះ ប្រុស ៤នាក់ និងស្រី១នាក់ ដោយឡែក កុមារាម្នាក់បានរួចផុតពីសេចក្តីស្លាប់ និងកំពុងតែសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

ខណៈនេះ សមត្ថកិច្ចជំនាញខេត្តមណ្ឌលគិរី កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយពេលដែលបានកើតឡើង កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចស្រែចោលស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះទាំងអស់រួមមាន៖ ១.ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ,២.ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ,៣.ឈ្មោះ នួន សំអាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ,៤.ឈ្មោះ ក្រាក់ ស្ល៊ី ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិព្នង(របួសធ្ងន់) និង៥.ឈ្មោះ និច ស្រី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន) និងទើបប្រទះឃើញស្លាប់នៅព្រឹកថ្ងៃទី៣កុម្ភៈ ,៦.ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ ៥ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន) ទើបប្រទះឃើញសពនៅព្រឹកថ្ងៃទី៣កុម្ភៈ ជនរងគ្រោះមានទីលំនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងបានទៅធ្វើស្រែនៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ ម៉ូត ក្រាក់ ជាឪពុក ត្រូវជនល្មើសបាញ់ត្រូវ០១គ្រាប់ ចំក្បាលពីខាងក្រោយ ធ្លាយមកចំភ្នែកខាងឆ្វេង បណ្តាលអោយស្លាប់នៅនឹងកន្លែង រីឯជនរងគ្រោះ០៤នាក់ទៀត ត្រូវបានជនល្មើសវាយនឹងវត្ថុរឹង ចំផ្នែកខាងក្រោយនៃក្បាល បណ្តាលអោយស្លាប់ភ្លាមៗ,រីឯកុមារម្នាក់ទៀតរងរបួសធ្ងន់៕