គ្រាប់កាំភ្លើងធុនធ្ងន់ ទំហំ ១០៥ មីល្លីម៉ែត្រ ត្រូវបានប្រទះឃើញកប់ក្នុងដី ក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ គ្រាប់កាំភ្លើងផ្លោងទំហំ ១០៥ មីល្លីម៉ែត្រ ត្រូវបានប្រគល់ទៅអោយមន្ត្រីសុីម៉ាក់ ដើម្បីយកទៅកម្ទេចចោល បន្ទាប់ពីក្រុមហ៊ុនបង្កប់ខ្សែកាបជីកប៉ះនៅក្នុងដី។

ការប្រទះឃើញនេះ គឺនៅថ្ងៃទី ៣ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង ១១ ថ្ងៃត្រង់ បន្ទាប់ពីផ្នែកសណ្តាប់ធ្នាប់ សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង បានចុះពិនិត្យគ្រាប់ ប្រភេទ UXO ចំនួន ១ គ្រាប់ នៅក្នុងក្រុមទី ៥ ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុង បាត់ដំបង ( នៅជាប់របងវត្តសង្កែ ) និងបាន ធ្វើការប្រគល់ជូន ក្រុមបច្ចេកទេស ( ស៊ីម៉ាក់ ) ដើម្បីយកទៅរក្សាទុក។

គួរបញ្ជាក់ថា គ្រាប់នេះបានប្រទះឃើញដោយក្រុមកម្មករ ជីកដីបង្កប់ខ្សែកាប ។ បន្ទាប់ពីក្រុមសុីម៉ាក់ពិនិត្យទៅលើភិនភាគគ្រាប់ គឺបានអះអាងថា ជាប្រភេទគ្រាប់កាំភ្លើងផ្លោង ទំហំ ១០៥ mm ហើយបើទោះបីជាគ្រាប់មានសភាពច្រេះក៏ដោយ ក៏មិនអាចមើលស្រាលវាបានដែរ ៕ អត្ថបទ : ព្រាប.ស