សមត្ថកិច្ចចម្រុះបិទការដ្ឋានជីកស្តារបឹងពារាំងចំនួន២ ក្រោយផ្ទុះហឹង្សា

0

សៀមរាប៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយតំណាងរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះ បានសម្រេចបិទការដ្ឋានជីកដីចំនួន២ ក្នុងតំបន់អភិក្សត្រីមេពូជ បឹងពារាំង ក្រោយម្ចាស់ការដ្ឋានទាំង២ ផ្ទុះហឹង្សាបង្កជារបួសស្នាម។
លោក ហាយ យង់ តំណាងរដ្ឋបាលក្រុងសៀមរាបដែលដឹកនាំកម្លាំងចុះបិទការដ្ឋានខាងលើ បានឲ្យដឹងថា ការបិទការដ្ឋានជីករណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែង គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។
លោកបន្តថា ក្រុមហ៊ុនជីកដីខាងលើទី១ស្ថិតក្រោមការគ្រប់គ្រងដោយសហគមន៍បឹងពារាំង និងមាន ឈ្មោះសាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ ទី២ក្រោមគ្រប់គ្រងរបស់សហគមន៍នេសាទចុងឃ្នៀសដែលមានឈ្មោះ ហាប់ ដា ម្ចាស់គ្រឿងចក្រ។ ការឈានទៅដល់បិទការដ្ឋាននេះមូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹងជញ្ជូនមិនបាញ់ទឹក បង្កការហុយ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយឈានដល់ប្រើហឹង្សាបង្កជារបួសស្នាម។
លោកហាយ យង់ បន្ថែមថាក្នុងកិច្ចសន្យាក្រុមហ៊ុន ខាងលើ ត្រូវបំពេញកត្តព្វកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេបំពានកិច្ចសន្យា ហើយបង្កជារបួសស្នាមថែមទៀត។អីចឹងហើយទើបថ្នាក់លើសម្រេចបិទអាជីវកម្មបែបនេះ។
ទោះបីយ៉ាងណា លោកហាយ យង់ សុំមិនធ្វើអធិប្បាយចំពោះរឿងបង្ករបួសស្នាមនោះទេ ដោយលោកបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌ ទុកអោយសមត្ថកិច្ចជំនាញអនុវត្តតាមនិតិវិធី។ប៉ុន្តែលោកបញ្ជាក់ថាចំពោះ ការបិទការដ្ឋានជីកដីក្នុងបឹងពារាំង គឺមិនមានថ្ងៃ កំណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ។
សូមបញ្ជាក់ថា បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់មួយក្នុងខេត្តសៀមរាប។ បឹងនេះត្រូវបានអនុញ្ញាតអោយមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រីនិងសត្វស្លាបនារដូវប្រាំង។ ប៉ុន្តែ ដោយការដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនជីកដីទាំងពីរខាងលើមិនគោរពកិច្ចសន្យា ហើយឈានដល់បង្ករបួសស្នាមទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកស្តារបែបនេះ៕