ឡដុតកម្ទេចសំណល់គ្រោះថ្នាក់នៅខេត្តកែប មានសារសំខាន់ក្នុងការដុតកម្ទេចសំណល់រាវរឹងគ្រប់ប្រភេទ

ខេត្តកែប ៖ ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលបានបើកដំណើរការជិត៥ខែមកហើយនោះ ពិតជាមានតួនាទីដ៏សំខាន់ ក្នុងការដុតកម្ទេចសំណល់ផ្សេងៗ ពិសេសសំណល់វេជ្ជសាស្ត្រ និងកាកសំណល់សំរាមដែលដឹកជញ្ជូនមកពីតំបន់ ភូមិសាស្ត្រខេត្តកែប។

ឆ្លើយតបនឹងអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក អ៉ឹម បញ្ញារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានឱ្យដឹងថា ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ ចាប់តាំងពីសម្ពោធដាក់ឱ្យដំណើរការរហូតមកដល់ពេលនេះ ពិតជាមានសារសំខាន់ក្នុងការដុតកម្ទេចសំណល់គ្រោះថ្នាក់នានា ពិសេសសំណល់វេជ្ជសាស្ត្រតែម្តង។លោកប្រធានបានបញ្ជាក់ដែរថា ស្របពេលជងឺកូវីដ-១៩ នៅក្នុងខេត្តកែបមានការថយចុះ គឺគ្មានសំណល់គ្រោះថ្នាក់ណាដែលវេចខ្ចប់ចេញពីមណ្ឌលចត្តាឡីស័ក និងសំណល់ចេញពីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ទៀតនោះទេ ខណៈអ្នកជំងឺបានជាសះស្បើយអស់ទៅហើយ។ប៉ុន្តែទោះជាបែបណា ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការដុតសំណល់វេជ្ជសាស្ត្រ។រីឯសំរាម និងកាកសំណល់ខេត្តកែបក៏មានទីតាំងទុកដាក់បានយ៉ាងត្រឹមត្រូវ ថែមទាំងប្រើឡទាំងនេះដុតកម្ទេចជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ ដែលវេចខ្ចប់ចេញពីកន្កែងផ្សេងៗក្នុងខេត្តកែប ត្រូ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក នេត ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ ឡដុតសំណល់រឹងគ្រោះថ្នាក់នេះ ក្នុងមួយថ្ងៃមានសមត្ថភាពដុតកម្ទេចសំណល់ ក្នុងចន្លោះពី៤ទៅ៧តោន ដោយអាចដុតក្នុងកម្រិតជិត១០០០អង្សា៕ សេង ណារិទ្ធ