ពលិកម្មរបស់បងប្អូនជាយោធិនពិការ បានរួមចំណែកកសាងនូវសមិទ្ធផលដ៏ធំសម្រាប់ជាតិ នោះគឺសន្តិភាព

0

សៀមរាប៖ អគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានលើកឡើងថា ពលិកម្មរបស់បងប្អូនកងទ័ពក្នុងការទប់ស្កាត់ការវិលត្រលប់នៃរបបប្រល័យពូជសាសន៍ និងការឈ្លានពាននានា នាពេលកន្លងមក កសាងបាននូវសមិទ្ធផលដ៏ធំធេងសម្រាប់ជាតិក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នោះគឺសុខសន្តិភាព។
ឯកឧត្តម នាយឧត្តមសេនយ៍ មាស សាវ៉ន មានប្រសាសន៍បែបនេះនៅក្នុងពិធីប្រកាស ចូលកាន់មុខតំណែងរបស់លោក វរៈសេនីយ៍ទោ នូ ប៊ុនរិទ្ធ និងលោក វរៈសេនីយ៍ទោ ភាជ សម្បត្តិ ជានាយករងនៃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ គូលេន ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
ឯកឧត្តម នាយឧត្តមសេនីយ៍លើកឡើងថា ការកសាងសន្តិភាពក្រោមនយោបាយឈ្នះៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន វាពិតណាស់ថា មានការចូលរួមចំណែកយ៉ាងធំធេង ពីសំណាក់បងប្អូនកងទ័ព រហូតមានបងប្អូនមួយចំនួនបានបាត់បង់ជីវិត និងមួយចំនួនបានធ្លាក់ខ្លួនពិការ ក៏ព្រោះតែការចង់បាននូវសុខសន្តិភាពជូនជាតិមាតុភូមិ។ លោកបន្តថា ជាមួយនឹងពលិកម្មដ៏ធំធេងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការពារជាតិ ក៏តែងតែចងចាំជានិច្ចនូវគុណបំណាច់របស់បងប្អូនកងទ័ព ជាពិសេសបងប្អូនដែលជាយោធិនពិការ និងក្រុមគ្រួសារ។ ក្នុងការដឹងគុណនេះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាមណ្ឌលអភិវឌ្ឍន៍យោធិនពិការនេះឡើង និងបានផ្តល់នូវដី និងផ្ទះជាកម្មសិទ្ធិស្របច្បាប់ សម្រាប់បងប្អូនអាចស្នាក់នៅអាស្រ័យផលលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។
លោក វរៈសេនីយ៍ទោ នូ ប៊ុនរិទ្ធ បានធ្វើការប្តេជ្ញាចិត្ត ដ៏ឧឡារឹកក្នុងឆន្ទៈមោះមុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះមុខ ឯកឧត្តម នាយឧត្តមសេនីយ៏ ឯកឧត្តមគណ:អធិបតី និងអង្គពិធីទាំងមូល ដូចខាងក្រោម ៖
១-ប្តេជ្ញាស្មោះត្រង់ និងការពារដាច់ខាតចំពោះរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ
២-ប្តេជ្ញា ខិតខំបំពេញតួនាទី ភារកិច្ច ដោយគោរពច្បាប់ បទបញ្ជា វិន័យ ក្រមសិលធម៌ ព្រមទាំងឋានានុក្រម និងរបៀបរបបការងារ។
៣-ប្តេជ្ញា ខិតខំយកចិត្តទុកដាក់ ចូលរួមគ្រប់គ្រង ដឹកនាំ និងខិតខំកសាងអង្គភាព ឲ្យមានការរីកចំរើន ស្របតាមអនុសាសន៍ និងគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គនាយកដ្ឋានយោធសេវា ក្រសួង ការពារជាតិ ។
៤-ប្តេជ្ញា ពង្រឹង និងរិតចំណងសាមគ្គីភាព ឯកភាពរឹងមាំថែមទៀត ទាំងផ្ទៃក្នុងអង្គភាព ក៏ដូចជាក្រៅអង្គភាព ។
៥-ប្តេជ្ញា បន្តកិច្ចសហការ និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច អង្គភាពពាក់ព័ន្ធនានា ជាពិសេស ប្រជាពលរដ្ឋ និង មហាជនទូទៅ ។
៦- ប្តេជ្ញា ខិតខំរៀនសូត លើកកំពស់សមត្ថភាពយល់ដឹង ឲ្យបានទូលំទូលាយ ដើម្បីចូលរួមគ្រប់គ្រង ដឹកនាំបញ្ហា កសាងអង្គភាព ឲ្យទៅជាផែនឯកភាពសាមគ្គីភាពទាំងស្មារតី ឆន្ទៈ និងសកម្មភាពការងារ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព ។
សូមជម្រាបថា មណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ៣១៧ គូលេន ខេត្តសៀមរាប បានបង្កើតឡើងកាលពីឆ្នាំ២០០៩ ក្នុងទឹកដីស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបងប្អូនយោធិនពិការ និងគ្រួសារ មករស់នៅជាង៣០០គ្រួសារ៕