ឯកឧត្តម ហ៊ុន ណេង បានជម្រុញដល់អាជ្ញាធរត្រូវខិតខំធ្វេីឲ្យពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង

កំពង់ចាម : ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវខិតខំ ធ្វេីយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើងតាមរយៈការទាក់ទាញអ្នកវិនិយោគទុន ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ។ ការលេីកឡើងបែបនេះខណៈដែលឯកឧត្ដម និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ ជា ផ្លូវការ នូវ ផ្លូវ បេតុង អាមេ មួយ ខ្សែ ប្រវែង ២.១៥៨ម៉ែត្រ ស្ថិតនៅ ក្នុង ភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ នាព្រឹក ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធព្រមទាំងលោកយាយលោកតាបងប្អូនប្រជាពលរដ្ឋ ផងដែរ ។

មាន ប្រសាសន៍ សំណេះសំណាល ក្នុង ពិធី នោះ ឯកឧត្ដម ហ៊ុន ណេង អ្នក តំណាង រាស្ត្រ មណ្ឌល កំពង់ចាម បានថ្លែងថា ដេីម្បីឲ្យប្រជាពលរដ្ឋរស់នៅបានប្រកបដោយភាពសុខសាន្តយេីងត្រូវធ្វើឲ្យមានស្ថេរភាព នយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈតាមរយៈការខិតខំអនុវត្តនូវគោលនយោបាយភូមិ -ឃុំ មានសុវត្ថិភាពគឺត្រូវធ្វើ ឲ្យ មូលដ្ឋាន យេីងគ្មានអំពើ លូច ឆក់ ប្លន់ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានការប្រេីប្រាស់អាវុធខុសច្បាប់ គ្មាន ការជួញដូរឬការប្រេីប្រាស់គ្រឿងញៀននិងគ្មានការវាយតបកាប់ចាក់ គ្នា ក្នុង ពិធី រាំរែក ផ្សេងៗ លេីសពី នោះ ត្រូវ ខិតខំការពារកុំឲ្យមានល្បែងស៊ីសងខុសច្បាប់កុំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កេីនឡេីងកុំឲ្យមានការគាស់កកាយ យកគ្រឿងយុទ្ធភ័ណមិនទាន់ផ្ទុះមកកែច្នៃធ្វើជាវុត្ថុប្រេីប្រាស់ផ្សេងៗ កុំឲ្យមានការដាក់ប៉ុស្តិ៍ជជុះស្ទាក់ឡានយកលុយ កាក់ពីប្រជាពលរដ្ឋនិងកុំឲ្យមានគ្រោះមហន្តរាយ ជាពិសេសគ្រោះអគ្គីភ័យកេីតឡេីងផងដែរ ។

បេីតាមលោក ទុន ស៊ាង មេឃុំពាមកោះស្នា បានឲ្យដឹងថា ដោយតម្រូវការ ចាំបាច់ របស់ បងប្អូន ប្រជាពលរដ្ឋ ជាពិសេស ស្ថានភាពបាក់ស្រុតដីច្រាំងទន្លេផងនោះ ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា ហ៊ុន តូ បានផ្ដល់ជាផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ២.១៥៨ម៉ែត្រ ទទឹង ៤,១២ម៉ែត្រ ស្ថិតនៅ ក្នុង ភូមិដីលើ ឃុំពាមកោះ ស្រុកស្ទឹងត្រង់ ដេីម្បី សម្រួលដល់ការធ្វើដំណើរក៏ដូចជា ការដឹកជញ្ជូននូវកសិផលផ្សេងៗ ជាពិសេសការសាងសង់ លំនៅឋានថ្មីចំពោះអ្នកដែលមិនទាន់មានផ្ទះសំបែងនិងប្រជាពលរដ្ឋដែលជំលៀសមកពីតំបន់ប្រឈមបាក់ច្រាំង ទន្លេ ផងដែរ ៕