យុវជនបន្តវេណត្រូវយកជីវិតទៅថែរក្សាការពារសមិទ្ធផលរបស់គណបក្សឲ្យស្ថិតស្ថេរគង់វង្ស

ខេត្តកំពត ៖ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវដឹង ត្រូវយល់ឲ្យច្បាស់ថា សមិទ្ធផលរបស់គណបក្សប្រជាជន សម្រាប់ទឹកដី មាតុភូមិជាទីស្នេហា រហូតមកដល់ពេលនេះ គឺសុទ្ធតែប្រើប្រាស់ និងលះបង់ជីវិតទៅប្តូរ។ ដូច្នេះក្នុងនាមយុវជនជំនាន់ក្រោយត្រូវបន្តវេន ត្រូវតែហ៊ានប្រើប្រាស់ និងយកជីវិតរបស់ខ្លួនទៅការពារសមិទ្ធផលទាំងនោះដែរទើបគង់វង្សយូរអង្វែង។

នេះបើតាមការលើកឡើងរបស់ លោក បណ្ឌិត ម៉ៅ ធនិន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ឆ្នាំ ២០២១និងទិសដៅការងារបន្តឆ្នាំ ២០២២ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានណែនាំ និងក្រើនរំឭកដល់យុវជនចំនួន៣ចំណុចៈ ទី១. យល់ដឹងឲ្យច្បាស់ពីលក្ខន្តិកៈ និងតួនាទីរបស់យុវជនមានអ្វីខ្លះ? ទី២ យុវជនត្រូវស្គាល់ ត្រូវដឹង ត្រូវយល់ឲ្យច្បាស់ ពីប្រវត្តិនៃកិច្ចខិតខំប្រឹងប្រែងរបស់វីរជន ថ្នាក់ដឹកនាំគណបក្សប្រជាជននាពេលកន្លងមក តើលោកបានធ្វើពលីកម្មអ្វីខ្លះទើបសម្រេចបានសមិទ្ធផលដូចសព្វថ្ងៃនេះ ? តើវីរភាពទាំងអស់នោះមានអ្វីខ្លះ ? យុវជនពេលបានសិក្សារៀនសូត្រពីបទពិសោធ និងគំរូវីរភាពរួចហើយ តើខ្លួនគួធ្វីអ្វីដើម្បីមាតុភូមិ ទឹកដីកំណើត និងគណបក្សប្រជាជនកម្ពុជារបស់យើង? ទី៣ យុវជនត្រូវមានការចូលរួមថែរក្សា ការពារយ៉ាងម៉ឺងម៉ាត់បំផុត នូវសមិទ្ធផល គោលនយោបាយ មាគ៌ារបស់បក្ស និងត្រូវហ៊ានវាយបកទៅពួកអមិត្តឲ្យទាន់ពេលវេលា។

លោក ភុន សារពេជ្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានឲ្យដឹងថា សកម្មភាពការងាររបស់យុវជនគណបក្សខេត្ត សរុបមានចំនួន៤៦៧លើក ហើយបានចំណាយថវិកា អស់ចំនួនប្រមាណ ជាង៦៩៦លានរៀល និងប្រាស់ដុល្លារ ជិត៥៧ម៉ឺនដុល្លារ ។ ដែលសកម្មភាពទាំងអស់នោះបានអនុវត្តទៅលើការងារ សង្គម មនុស្សធម៌ វប្បធម៌ សិល្បៈ កីឡា និងការងារព័ត៌មាន បណ្ដុះបណ្ដាល និងឃោសនាអប់រំផ្សព្វផ្សាយចិត្តសាស្ត្រទទួលបានលទ្ធផលល្អប្រសើរ។ ពិសេសការអនុវត្ត ឆ្លើយតបស្របតាមគោលការណ៍ណែនាំ អង្គការចាត់តាំងយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំរបស់ឯកឧត្តមហ៊ុនម៉ាណែតសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ។ ដោយក្នុងនោះបានធ្វើការវាយបកបានទាន់ពេលវេលាចំពោះការឃោសនាអកុសលរបស់ជនអគតិ ជនអមិត្ត ដែលបានវាយប្រហារបំភ្លើសបំភ្លៃការពិតមកលើគណបក្សប្រជាជនកម្ពុជា និងមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល៕ សេង ណារិទ្ធ