លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាអំពាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន

0

កំពង់ធំ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយអំពាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។
លោកជំទាវ ឃួន ឃុនឌី បានថ្លែងយ៉ាងដូច្នេះក្នុងពិធីចែកសំលៀកបំពាក់ដល់ប្រជាការពារភូមិក្នុងវត្តកំពង់ស្វាយ
ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២២ ។
លោកជំទាវបានថ្លែងអំណរគុណដល់ឧកញ្ញា គុយ លាងគី ដែលបានជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល ។
លោកជំទាវបានសរសើរចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាការពារដែលបានសហការគ្នាល្អ ជាមួយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវបានយ៉ាងល្អប្រសើរ និងបានអំពាវនាវដល់ប្រជាការពារនិងប្រជាពលរដ្ឋទាំងអស់ រួមគ្នាបន្តអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចដែលទើបបានកែសម្រួលថ្មីរបស់រាជរដ្ឋាភិបាលនិងចូលរួមថែរក្សាសុខសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលដែលទើបកសាងថ្មីៗនៅក្នុងឃុំនិងបន្តពួតដៃគ្នាថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើពាលាអាវាសែនានា តាមរយៈការគាំទ្រ និងជំរុញសម្រេចនូវ“គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព”ឱ្យកាន់តែដំណើរការទៅដោយរលូននិងប្រកបដោយប្រសិទ្ធភាព។
ជាមួយនេះផងដែរលោកជំទាវក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់និងប្រជាការពារយើងត្រូវបន្តអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់តាមវិធានការ៣ ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន និងផ្សព្វផ្សាយឲ្យទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់គ្នា ។
ជាមួយគ្នានេះលោកជំទាវបានចុះពិនិត្យទីតាំងរៀបចំសម្ពោធស្ពានឆ្លងស្ទឹងសែនជាសមិទ្ធផលថ្មីបានកសាងរួចរាល់ក្នុងឆ្នាំ២០១៩ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨-០៩-១០ ខែមេសាឆ្នាំ២០២២ខាងមុខនេះ។
ក្នុងពិធីនេះដែរលោកជំទាវបានផ្តល់នូវប្រជាការពារភូមិចំនួន៦ភូមិមាន៧៤នាក់ ក្នុងមួយនាក់ទទួលបានសំលៀកបំពាក់១កំប្លេរ ក្រមា១ និងថវិកា២ម៉ឺនរៀល ប្រគេនបច្ច័យកសាងវត្ត៥០ម៉ឺនរៀល រួមនិងគណកម្មការវត្តទទួលបានថវិកាមួយចំនួនផងដែរ ៕