ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ សម្តេច តេជោ ជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានដឹកនាំ ប្រទេសសម្រេចបានសមិទ្ឋផលធំៗជាច្រើន

កំពង់ចាម : ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានមានប្រសាសន៏ថា គណបក្សាប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានដឹកនាំ ប្រទេសសម្រេចបានសមិទ្ឋផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហេីយអំណាចរដ្ឋត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ កំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខ ទោះបីជា ពិភពលោក ស្ថិត ក្នុង បរិបទ កូវីដ -១៩ ក៏ដោយ។ ការ លេីក ឡើង បែប នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៏ស្តីពីសភាពការណ៏ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ ដែលបាន ប្រារព្ធ ឡើងនៅសាលប្រជុំសសរ១០០ សម្តេចតេជោ សួនគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត្ត រួមនឹង ថ្នាក់ដឹកនាំ សមាជិក សមាជិកគណបក្សគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ចាមជាច្រើនរូប ។

ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ហ៊ុន ណេង សូមផ្តល់នូវអនុសាសន៏មួយចំនួន ក្នុងនោះ ទី១. បន្តអនុវត្ត និងប្រកាន់ខ្ជាប់នូវបាវចនាពីរ គឺ “កែទម្រងខាងក្នុង និងបង្កើនមិត្តពីខាងក្រៅ” និងបន្តគោរពអនុវត្តស្មារតីនៃអភិក្រម៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ , ទី២. បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស បន្តចុះជួយមូលដ្ឋានតាមមុខសញ្ញា ពង្រឹងបរិមាណសមាជិកបក្សដោយឈរលើទស្សនៈ “ពង្រឹកចាស់ បង្កើនថ្មី” និងណែនាំប្រជាពលរដ្ឋពីសមិទ្ឋផលជាច្រើនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ទី៣. ពង្រឹងគុណភាពនៃការចូលរួមរបស់យុវជនឲ្យរឹតតែសកម្ម និងមានប្រសិទ្ឋិភាពក្នុងការអភិវឌ្ឍន៏សង្គមជាតិ ដែលជាកម្លាំងប្រជាសាសន៏ដ៏ធំមួយ ដែលអាចជម្រុញ និងបង្កើនការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម និងកំណែទម្រង់នានាឲ្យរឹតតែមានប្រសិទ្ឋភាព, ទី៤. បន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្សឲ្យបានច្បាស់លាស់ និងខិតខំកសាងសមិទ្ឋផលនៅមូលដ្ឋាន និងផ្តល់សេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែសកម្ម និងមានប្រសិទ្ឋភាព ពិសេសត្រូវកសាងមន្ទីរបក្សឲ្យបានគ្រប់ឃុំ សង្កាត់, ទី៥. លើកកម្ពស់ស្មារតីឲ្យប្រជាជស្រឡាញ់ថែរក្សាសន្តិភាព និងបន្តរំលឹកពាក្យ “អរគុណសន្តិភាព” និងបន្តអប់រំប្រជាជនឲ្យយល់ពីការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈ “នយោបាយឈ្នះ ឈ្នះ” ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី, ទី៦. ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវរួមគ្នាគាំទ្រដល់បេក្ខជនរបស់គណបក្សយើងដែលឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ ដោយធ្វើសកម្មភាពរកការគាំទ្រពីប្រជាពលរដ្ឋឲ្យបានផុលផុស ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ពិសេសថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ត្រូវអនុវត្តឲ្យស្នើដៃគ្នា ប្រៀបដូចអម្រែកដែលត្រូវរែកស្មើគ្នា ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនៅក្នុងអាណត្តិទី៥នេះ និងអាណត្តិក្រោយៗទៀត, ទី៧. ត្រូវយកចិត្តទុកដាក់រៀបចំការបណ្តុះ បណ្តាលអំពីច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោតដល់មន្ត្រីរបស់យើង ដើម្បីការពារភាពត្រឹមត្រូវនៃគណបក្សយើង, ទី៨. ចាប់ពីពេលនេះ រហូតដល់យុទ្ឋនាការឃោសនាបោះឆ្នោត គណៈកម្មាធិការបក្សខេត្ត ក្រុមការងារគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពមូលដ្ឋាន ដោយពង្រឹងពង្រីកអំពើល្អរបស់បក្សយើង បកស្រាយការបំភ័ន្តមតិផ្សេងៗរបស់ក្រុមពួកអគតិ និងទី៩. គណៈកម្មការប្រយុទ្ឋនឹងជម្ងឺកូវីដ១៩ ខេត្ត និងរដ្ឋបាលខេត្ត ត្រូវជម្រុញឲ្យប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងជម្រុញដូសទី៣ និងដូសទី៤ ឲ្យបានគ្រប់ៗគ្នា និងបន្តខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ និង៣ការពារ” និងកែប្រែទម្លាប់នៃការរស់នៅសម្របតាមបរិបទនៃជម្ងឺកូវីដ១៩ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៏យើងជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ ៕