សិស្សនិទ្ទេស A ក្នុងខេត្ដសៀមរាបចំនួន១៥៣នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង ពីសម្ដេចពិជ័យសេនា ទៀ បាញ់

សៀមរាប៖ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ដល់រង្វាន់ម៉ូតូចំនួន ១៥៣គ្រឿង និងប័ណ្ណសរសើរ ដល់សិស្សានុសិស្ស ក្នុងខេត្តសៀមរាប ដែលទើបបានប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A សម្រាប់ឆ្នាំសិក្សា ២០២០- ២០២១ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូចំនួន០១គ្រឿង និងបណ្ណ័សរសើរមួយផងដែរ។

សម្ដេចពិជ័យសេនា បានមានប្រសាសន៍ថា សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសA ចំនួន១៥៣នាក់នេះ ជាមោទនភាពមួយរបស់ខេត្តសៀមរាប ហើយសម្ដេចពិជ័យសេនា ក៏បានប្រកាសបន្តចែកជូនរង្វាន់ម៉ូតូដល់សិស្សានុ សិស្ស ប្រឡងបាក់ឌុបដែលទទួលបាននិទ្ទេសA នៅឆ្នាំក្រោយបន្តទៀត។
សម្ដេចពិជ័យ បានណែនាំឲ្យសិស្សានុសិស្សយកចិត្តសិក្សារៀនសូត្រឱ្យបានជាប់ជាប្រចាំក្នុងនាមយុវជនជាទំពាំងស្នងឫស្សី ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងដើម្បីចូលក្នុងសង្គមជាតិ។

សម្ដេចបានបន្តថា ការជាប់និទ្ទេស A ជាច្រើននាក់នេះ ជាមោទនភាពមួយដែលខេត្តសៀមរាបមានការរីកចម្រើនលើវិស័យអប់រំជារៀងរាល់ឆ្នាំ។ ភាពរីកចំរើននៃចំណេះដឹងនេះ ដោយសារប្រទេសជាតិយើងមានសន្ដិភាព។ សម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចូលរួមបន្ដលើកកម្ពស់វិស័យ អប់រំ ឲ្យកាន់តែខ្ពស់ និងចូលរួមលើកកំពស់សុខភាពផងដែរ៕