រដ្ឋបាលក្រុងបូកគោត្រូវបំបែកជាពីរទីតាំងគឺរដ្ឋបាលផ្នែកខាងក្រោមនិងខាងលើភ្នំបូកគោ

ខេត្តកំពត ៖ ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័ស ក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបូកគោ ខេត្តកំពត នាពេលបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែមានប្រសិទ្ធភាព ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តបានឯកភាពគ្នាសម្រេចបំបែករដ្ឋបាលក្រុងបូកគោជាពីរទីតាំងគឺនៅកន្លែងរដ្ឋបាលក្រុងបច្ចុប្បន្នមួយ និងមួយទីតាំងទៀត នៅលើភ្នំបូកគោ (អគារក្បែរកាស៊ីណូចាស់)។

នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយប្រតិភូជាន់ខ្ពស់ក្រសួង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានធ្វើដំណើរចុះពិនិត្យទីតាំងសាងសង់សាលាក្រុងបូកគោ របស់ខេត្តកំពត។

នៅក្នុងជំនួបប្រជុំនៃដំណើរចុះពិនិត្យទីតាំងសាងសង់សាលាក្រុងបូកគោ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ដោយសារទីតាំងភូមិសាស្ត្រ ក្រុងបូកគោធំទូលាយ ហើយនៅថ្ងៃអនាគតឆាប់ៗ អាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោផងនោះ និងដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័ស ក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបូកគោ ខេត្តកំពត នាពេលបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អង្គប្រជុំបានឯកភាពគ្នាសម្រេចបំបែករដ្ឋបាលក្រុងបូកគោតែមួយជាពីរទីតាំង ទី១.នៅទីតាំងសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងទី២. នៅអគារក្បែរកាស៊ីណូចាស់លើភ្នំបូកគោ

សម្តេចក្រឡាហោម បានបន្តសង្កត់ធ្ងន់ថា អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ប្រាក់ សំអឿន និងឯកឧត្តមសក់ សេដ្ឋា ត្រូវពិភាក្សាគ្នា ថាតើការិយាល័យណាខ្លះរបស់ក្រុងបូកគោ ចាំបាច់ត្រូវមាននៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវមាននៅរដ្ឋបាលទីតាំងខាងលើ ឬចាំបាច់ត្រូវមានទាំងពីរទីតាំង។ សម្តេចក្រឡាហោម ស ខេង បានបន្តឲ្យដឹងដែរថា ខាងមុខនេះ ក្រុមការងារត្រូវពន្លឿនការគូរប្លង់ដឺម៉ាស ទីតាំងសាលាក្រុងបូកគោផ្នែកខាងក្រោមឲ្យបានលឿន ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗផងដែរ៕ សេង ណារិទ្ធ