សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ឆ្នាំ២០២២

0

សៀមរាប៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប កាលពីរសៀលនារសៀលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ម្សិលមិញនេះ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ នៅប្រជុំធំសាលាខេត្តសៀមរាប ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជា អនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប , ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្រុកក្នុងទូទាំងខេត្ត, ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងឯកឧត្តមអ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានពីសំណាក់លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្រុក និង អភិបាលក្រុងស្រុកក្នុងខេត្ត។

ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា ផ្អែកតាមលទ្ធផលតាមបណ្តាក្រុង ស្រុក កិច្ចអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក និងសមិទ្ធផលនានា ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន សំខាន់លើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង ការយកចិត្តទុកដាក់ដោះស្រាយពីទុក្ខលំបាក ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ-១៩ ព្រមទាំងការងារទប់ស្កាត់បង្រ្កាបបទល្មើស កាប់ទន្ទ្រានព្រៃលិចទឹកតំបន់បឹងទន្លេសាប (តំបន់៣)នៅខេត្តសៀមរាប មានលើសពី២ពាន់ហិចតា ហើយនឹងឈានទៅធ្វើការបោះបង្គោលកំនត់តំបន់១,តំបន់២ និងតំបន់៣ ឲ្យបានច្បាស់លាស់នារដូវប្រាំងនេះ។

មានមតិបិទអង្គប្រជុំ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្ត បានរាយការណ៍ជូនក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំនេះ ប៉ុន្តែសម្តេចពិជ័យសេនាបានបញ្ជាក់ថា បញ្ហាប្រឈមកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាចំណោទយ៉ាងខ្លាំងដែលធ្វើឲ្យបាត់នូវប្រជាប្រិយភាព ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួននោះ ដូច្នេះយើងត្រូវតែពង្រឹងការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាតរបស់យើងគ្រប់ៗគ្នា ហើយត្រូវធ្វើការកែលម្អ និងធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងឆ្នាំ២០២២នេះ ដោយផ្តោតសំខាន់លើបញ្ហាព្រៃលិចទឹក ដែលក្រុមជនខិលខូច បានយកប្រជាកសិករធ្វើរបាំង ដើមី្បផលប្រយោជន៍របស់ខ្លួននោះ គ្រប់អាជ្ញាធរសមត្ថកិច្ចទាំងអស់ ត្រូវពិនិត្យចំពោះជនដែលបានបំពានការកាប់ទន្ទ្រានព្រៃលិចទឹក មានស្ថានភាពធ្ងន់ធ្ងរនោះ យើងក៏មិនអាចអនុគ្រោះឲ្យបានឡើយ គឺត្រូវអនុវត្ត ទៅតាមផ្លូវច្បាប់។

ជាមួយគ្នានេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្តាំផ្ញើដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនពីតួនាទីភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ព្រមទាំងត្រូវជំរុញដល់ប្រជាពលរដ្ឋ ឲ្យមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងចេះសម្របខ្លួនរស់នៅតាមបែបគន្លងថ្មី នៃកូវីដ-១៩ ជាពិសេសសម្ដេចពិជ័យសេនា បានជំរុញដល់អាជ្ញាធរក្រុង ស្រុកដែលនៅជាប់បឹងទន្លេសាប តករូវរួមសហការសាមគ្គីគ្នា ដើមី្បធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ និងសូមឲ្យអាជ្ញាធរបឹងទន្លេសាប ធ្វើការផ្សព្វផ្សាយអំពីច្បាប់គ្រប់តំបន់ព្រៃលិចទឹក ឲ្យបាន ស៊ីជម្រៅដល់ប្រជាកសិករដែលអាស្រ័យផលនៅក្នុងតំបន់៣ ក្នុងការសំដៅរក្សាការពារបឹងទន្លេសាប កុំឲ្យវិនាសបាត់បង់នូវព្រៃ លិចទឹក ដែលជាដែនជម្រកត្រីពងកូននៅរដូវវស្សា និង សត្វស្លាបរស់នៅ៕