អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ជីវភាពរស់នៅរបស់ពលរដ្ឋ​ត្រូវបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាននូវសមិទ្ធផលនានា

0

កំពង់ចាម​:​ ក្នុង​អង្គ​សិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម នៅ​សាលា​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ត្រូវបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដែលមានដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និង​ទឹកស្អាតជាដេីម​ ។ ខេត្តកំពង់ចាម​ មានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់​ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើនទៀត​។

លោកអភិបាលខេត្ត​ បាន​លើក​ឡើងទៀត​ថា​ ការងារអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ខេត្តកំពង់ចាម បានទទួលជ័យលាភី​ចំណាត់ថ្នាក់លេខ១ លើចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ទូទាំងប្រទេសចំនួន ៥ឆ្នាំជាប់គ្នា លទ្ធផលនេះ គឺពិតជាសបញ្ជាក់ថាកងកម្លាំងទាំងអស់ ពិតជាបានប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ចេញអស់ថាមពលពុះពារគ្រប់ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្ត និងប្រតិបត្តិតាមបទបញ្ជាដោយភាពម៉ឺងម៉ាត់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ដោយបានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ ប្ដូរផ្ដាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ មិនអនុញ្ញតឲ្យពួកក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើសកម្មភាពបង្កអសន្តិសុខ ក្នុងខេត្តកំពង់ចាមជាដាច់ខាត ។

ក្នុង​អង្គ​សិក្ខាសាលា​នោះដែរ​ ឯកឧត្ដម​ ឈួន​ ចាន់​ថន​ អនុប្រធាន​លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម​ បាន​ធ្វើ​បទបង្ហាញ​ ដើម្បីបញ្ជ្រាបចំណេះដឹងជូនដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅថ្នាក់ក្រោមជាតិ ឲ្យបានយល់ដឹងអំពីចរិតលក្ខណៈ ទម្រង់​ សកម្មភាពនានាពាក់ព័ន្ធក្រុមភេរវកម្មអន្តរជាតិ រួមនឹងផែនការជាតិប្រឆាំងនឹងភេរវកម្ម សំដៅទប់ស្កាត់ការគំរាមកំហែង ឬការជ្រៀតចូលនៃសកម្មភាព ឬក្រុមភេរវកម្មនានាចំពោះប្រទេសកម្ពុជា។
ឯកឧត្ដម​ ឈួន​ ចាន់​ថន​ បាន​បញ្ជាក់​ថា​ គោលបំណងនៃសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម​ សម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភេរវកម្ម រួមទាំងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ​ និង​ផែនការឆ្លើយតបរបស់អន្តរជាតិក្រសួង/ស្ថាប័ន​ ៕