កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកម្ភ: ឆ្នាំ២០២២នេះពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

បន្ទាយមនជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកម្ភ: ឆ្នាំ២០២២នេះពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហៃ សុងត្រា ភេទប្រុស អាយុ៣០ឆ្នាំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅជិតមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាមលោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្ដង នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៦ ខែកម្ភ: ឆ្នាំ២០២២ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉្សៅក្រាមពណ៌សចំនួន០២កូនថង់កិប ស្មើនឹងទម្ងន់១,៥៥ក្រាម និងសម្ភារ:មួយចំនួនទៀត ជនសង្ស័យក្រោយពីឃាត់់ខ្លួនត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។

ជនសង្ស័យឈ្មោះ ហៃ សុងត្រា បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនមកទុកប្រើប្រាស់ខ្លួនឯងផង និងទុកលក់ដូរបន្តផង ។

ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ￸ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕ដោយ៖ឃិន គន្ធា