ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅក្នុងស្រុកស្វាយលើខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍ សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីជំនាញមូលដ្ឋាន និងមានការចូលរួមពីលោកជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទទួលបន្ទុក។

ក្នុងប្រតិបត្តិការណ៍នេះ ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងបានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៦៤ នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៧៥គ្រឿង យានយន្តត្រឹមត្រូវចំនួន ៦៦គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០៩គ្រឿង បានដោះភ្លើងបំពាក់ខុសលក្ខណៈបច្ចេកទេស ចំនួន ០៩គ្រឿង, បានធ្វើការណែនាំអ្នកបើកបរគោយន្តកន្រ្តៃ និងបិទស្ទីកឃ័រចំណាំងផ្លាតចំនួន ៥៧គ្រឿង។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា៖ សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០ក្បាល ឯកសារជំនួយស្មារតីអ្នកបើកបរ ៣០សន្លឹ និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ៣០ក្បាល៕