បុរសម្នាក់ ត្រូវបានជនសង្ស័យស្ទាក់វាយប្លនយកម៉ូតូបានសម្រេច នៅខណ្ឌពោធ៍សែនជ័យ

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ បានធ្វើសកម្មភាពស្ទាក់វាយបុរសម្នាក់ ប្លន់យកម៉ូតូមួយគ្រឿង ម៉ាកស្មាក់វី បានសម្រេច រួចគេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុងជាប់របងវត្តពោធិ៍ចិនតុងខាងកើត ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សម្បត្តិ សីហា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងដេគ័រតុទូ ស្នាក់នៅបន្ទប់ជួលនៅម្ដុំផ្សារដេប៉ូ ខណ្ឌទួលគោក មានស្រុកកំណើត ភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមការរៀបរាប់ពីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុ រូបគាត់បានខ្ចីម៉ូតូមួយគ្រឿង ពីមិត្តភក្តិ ម៉ាកស្មាក់វី ពណ៌ក្រហម មិនចាំស្លាកលេខ ដែលស្នាក់នៅបន្ទប់ក្បែរគ្នា ជិះទៅធ្វើការនៅកន្លែងដេប៉ូឈើនៅជាប់ផ្លូវរថភ្លើង រួចពេលចប់ម៉ោងការងារ ទើបជិះម៉ូតូទៅកន្លែងបន្ទប់ស្នាក់នៅវិញ ដោយធ្វើដំណើរតាមផ្លូវបេតុង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជាប់និងរបងវត្តពោធិ៍ចិនតុង ក៏ប្រទះឃើញជនសង្ស័យចំនួនពីរនាក់ ឈក្បែររបងផ្ទះប្រជាពលរដ្ឋ ខណៈនោះ ជនសង្ស័យម្នាក់ បានដើរមកស្ទាក់ពីមុខដោយប្រាប់រូបគាត់ថា សុំទៅដោយសារផង ទៅឈប់នៅម្ដុំមុខពេទ្យលោកសង្ឃ។ បន្ទាប់មកជនសង្ស័យម្នាក់ទៀត នៅពួនជាប់របងផ្ទះប្រជាពលរដ្ឋ រួចបានធ្វើសកម្មភាពលោតធាក់ទៅលើរូបគាត់ បណ្ដាលឱ្យដួលម៉ូតូ ក៏ស្រាប់ជនសង្ស័យម្នាក់ទៀត ដែលស្ទាក់នៅពីមុខបានទាញខ្សែក្រវ៉ាត់វាយមកលើរូបគាត់ តែសំណាងល្អ រូបគាត់គេចទាន់ រួចរត់យករួចខ្លួនសិន ទើបធ្វើឱ្យជនសង្ស័យមានឱកាសល្អ បាននាំគ្នាលើកយកម៉ូតូជិះគេចខ្លួនបានសម្រេច ដោយសុវត្ថិភាពតែម្តង។ ចំណែកឯ ជនរងគ្រោះអង្គុយយំ និងអស់សង្ឃឹមនៅក្បែររបងផ្ទះប្រជាពលរដ្ឋទាំងកណ្តាលយប់រាត្រី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចក៏បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕