គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ដំណើរការបានប្រមាណជាង៨០ភាគរយហើយ

0

ដោយសេង ណារិទ្ធ
ខេត្តកែប៖ គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប បានអនុវត្តរួចរាល់ប្រមាណជាង៨០ភាគរយហើយ ខណៈគម្រោងមួយនេះនៅតែបន្តដំណើរការជាបន្តបន្ទាប់ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តកែប និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

២គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ នឹងត្រូវដំណើរការបន្ទាប់ពីត្រូវចាក់ដីបំពេញតាមមាត់ឆ្នេរចាប់ពីផ្សារក្តាម ដែលមានប្រវែងប្រមាណ២,៧០០ម៉ែត្រ ជម្រៅប្រមាណ១៣០ម៉ែត្រ ហើយគម្រោងអភិវឌ្ឍនេះត្រូវបានដាក់តាំងបង្ហាញនូវផ្ទាំងប៉ាន់ណូជាក់លាក់ ដូចជាគម្រោងរៀបចំកន្លែងមើល ដែលធ្វើជាកាំរង្វង់មានប្រវែង២៥ម៉ែត្រ ,គម្រោងរៀបចំវិថីចូលឆ្នេរសមុទ្រ មានទទឹងប្រវែង២០ម៉ែត្រ ,គម្រោងរៀបចំបន្ទប់ទឹកសាធារណៈ ដែលមានហាងកាហ្វេនៅពីមុខ ,គម្រោងរៀបចំអនុវិថីចូលឆ្នេរសមុទ្រ បើកថ្មី មានទទឹងប្រវែង១២ម៉ែត្រ ,គម្រោងរៀបចំឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់មានទទឹងប្រវែងយ៉ាងតិច៣០ម៉ែត្រ ,គម្រោងសួនច្បារបៃតងសាធារណៈ និងដាំដើមឈើ មានទទឹងប្រវែង៥០ម៉ែត្រ ,និងគម្រោងអភិវឌ្ឍថ្មីៗជាច្រើនទៀត។

ជាការពិតណាស់ គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលបាននិងកំពុងដំណើរការក្រោមកិច្ចសហការរវាង រដ្ឋបាលខេត្តកែប និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តកែប កាន់តែមានសក្តានុពល។

ក្នុងដំណាក់កាលនេះផងដែរ ថ្វីដ្បិតការអភិវឌ្ឍគម្រោងខាងលើ មានមតិមួយចំនួនតូចរិះគន់ ប៉ុន្តែមជ្ឈដ្ឋានភាគច្រើនបានសម្តែងក្តីរីករាយ និងអំណរសាទរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលជានិច្ចកាលបានខិតខំ និងអភិវឌ្ឍនៅគ្រប់តំបន់ភូមិសាស្ត្រខេត្តកែប ឱ្យមានភាពលេចធ្លោ និងស្រស់បំព្រង ពិសេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូបង្ហូរទឹក។ ទាំងនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទស្សនា កម្សាន្តនៅរមណីយដ្ឋានខេត្តកែប កាន់តែច្រើនឡើងៗ៕