ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញាអមសាលាដំបូងរៀបចំធ្វើពិធីអញ្ជើញលោកតាគ្រិល ចូលអាសន:ថ្មី ដើម្បីសុំពរជ័យ សេចក្តីសុខសេចក្តីចម្រើនដល់មន្រ្តីក្រោមឱវាទ

0

តាកែវ៖ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ និងឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមអយ្យការសាលា​ដំបូងខេត្ត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឪវាទ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំធ្វើពិធីអញ្ជើញលោកតាគ្រិល ដែលជាលោកតាសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ចូលអាស្រម និងអាសន:ថ្មី ដែលបានផ្តួចសាងសង់ដោយឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា និងសុំពរជ័យ សេចក្តីសុខសេចក្តីចម្រើន និងលាភជ័យជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឪវាទនៃសាលាដំបូង និងអយ្យការសាលាដំបូងខេត្ត​តាកែវ ទាំងអស់គ្នា ។

ពិធីអញ្ជើញលោកតាគ្រិល ដែលជាលោកតាសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ចូលអាស្រម និងអាសន:ថ្មីនេះដែរ ក៏មានរៀបចំពិធីសូត្រមន្ត និងពិធីផ្សេងៗទៀតទៅតាមបែបព្រះពុទ្ធសាសនា ហើយក្នុងនោះដែរ ឯកឧត្តម អ៊ាក ផល្លា និងឯកឧត្តម ជីវ ចាន់តារា រួមនឹងថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឪវាទ ក៏បានរៀបចំពិធីបង្ហែលោកតាគ្រិល ចូលអាស្រម និងអាសន:ថ្មី ដែលទើបតែសាងសង់រួច ក្រោមការផ្តួចផ្តើមសាងសង់ដោយឯកឧត្តមប្រធានទាំង២ ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសូមឱ្យជំងឺកូវីដ១៩ ឆាប់រលាយចេញពីផែនដីនេះ ពិសេសប្រជាជន និងប្រទេសកម្ពុជាឱ្យរួចផុតទៅពីជំងឺដ៏ចង្រៃមួយនេះ ៕