អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​​ ក្នុង​សង្កាត់​បឹងកុក​

0

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នារសៀល​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ សរុប​ប្រវែង​ ១៦៥០ម៉ែត្រ​ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ ១៥២៩​ម៉ែត្រ​ នៅ​ក្នុង​ភូមិ​បឹងកុក​២​ និង​ភូមិ​ឡឥដ្ឋ​ សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​ ។

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​​ផ្លូវ​ខាង​លើនេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ធ្វើការ​សាកសួរ​សុខទុក្ខ​ និង​អំពាវនាវ​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ផងដែរ​ ។ ជាមួយ​ការ​ស្ថាបនា​ផ្លូវ​​នេះ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ ពិត​ជា​​មាន​ការ​ត្រេកអរ​ជា​ខ្លាំង​ បេី​ទោះជា​ស្ថិត​ក្នុង​បរិបទ​កូវីដ​-១៩​ អាជ្ញាធរ​ខេត្តកំពង់ចាម​ នៅតែ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ ​ជាក់ស្តែង​ដូចជា​ការ​ស្ថាបនា​ពី​ផ្លូវ​ដី​ ទៅ​ជា​ផ្លូវ​បេតុង​​​នេះ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​​ ពីសំណាក់​បងប្អូន​​ប្រជាពលរដ្ឋ​។

មន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោង​ស្ថាបនា​ផ្លូវបេតុងអាមេ​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​នេះ គឺ​នៅក្នុង​ភូមិ​បឹងកុក​២​ មាន​ចំនួន​៨ខ្សែ​ សរុប​ប្រវែងជាង​ ១៤០០ម៉ែត្រ​ និង​នៅ​ភូមិ​ឡឥដ្ឋ​ ត្រង់​ចំណុច​ផ្សារ​ថ្មគោល​ មាន​ប្រវែង​ ២៥០ម៉ែត្រ​ និង​ទទឹង​ ៧ម៉ែត្រ​​ ក្នុង​នោះ​ស្ថាបនា លូរំដោះទឹក​ភ្លៀង​ ប្រវែង ១៥២៩​ ម៉ែត្រ​ ដែល​ជា​គម្រោង​ថវិកា​ ឆ្នាំ​២០២២​ ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ព្រមទាំង​មានការ​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ចាប់​ពី​ ចំណុច​សង្កាត់​កំពង់ចាម​ ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​បឹងកុក​ ដែលមាមចំនួន​ ៤៤បង្គោល​ ផងដែរ​ ។
មន្ត្រីបច្ចេកទេស ដដែល បានរំលឹកផងដែរថា ក្នុងឆ្នាំកន្លងទៅ ពេលរដូវវស្សា អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត តែងតែបាន ចុះពិនិត្យរាល់ពេល មាន ជំនន់ទឹកភ្លៀង ក្នុងភូមិ មួយចំនួន នៅក្នុងសង្កាត់ បឹងកុក ដើម្បីរកវិធីសាស្ត្រ ដោះស្រាយ ។ ហេតុដូច្នោះហើយ ទើបមកដល់ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ចាម បានអភិវឌ្ឍ ស្ថាបនាផ្លូវបេតុងអាមេ និង ស្ថាបនា លូរំដោះទឹក ដើម្បី បញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងដូច ឆ្នាំមុនៗ ទៀត​ ៕