អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀត

0

សៀមរាប:  ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមនឹងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀតនាព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប និងក្រុមការងារប្រចាំការនៅទីតាំងកំពង់ផែ ដែលបានដកហូតកន្លងមកនោះ យើងត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរនៅក្នុងទីតាំង និងសមាគមកាណូតដឹកភ្ញៀវឱ្យដំណើរការជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី ពីគណៈកម្មការអន្តរក្រសួង។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារចម្រុះ យើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យទីនេះប្រែក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៍ដែលមានភាពទាក់ទាញបំផុត។

សូមបញ្ជាក់ថា ការចុះពិនិត្យ និងរៀបចំទីតាំងកំពង់ផែចុងឃ្នៀសឡើងវិញនេះ គឺអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ដោយទីស្តីការគណៈរដ្ឋមន្រ្តី បានសេចក្តីជូនដំណឹងមួយលេខ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ៕