អភិបាលខេត្តសៀមរាប ជួបពិភាក្សាការងារ និងបង្ហាញពីសមិទ្ធផលមួយចំនួន ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

0

សៀមរាប:  ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅសាលាខេត្តសៀមរាប ព្រមទាំងបានបង្ហាញនូវសមិទ្ធផលការងារ ដែលកើតចេញកិច្ចសហការល្អរវាងគ្នា រយៈពេល១៥ឆ្នាំកន្លងមក តាមរយៈគម្រោងការបន្តការជួសជុលឡើងវិញនៃប្រាសាទភ្នំបាខែងនារសៀលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២នេះ។

ឯកឧត្តម ទៀ សីហា បានបង្ហាញការសាទរចំពោះការបញ្ចប់គម្រោងការបន្តជួសជុលនិងអភិរក្សប្រាសាទភ្នំបាខែង ដែលកន្លងមកអាជ្ញាធរជាតិអប្សរាជាភាគីទទួលអនុវត្តន៍គម្រោង ដោយឡែករដ្ឋបាលខេត្តជាធាតុចូលបំពេញបន្ថែម នូវហេដ្ឋរចនាសម្ព័ន្ឋសំខាន់ៗមួយចំនួន តភ្ជាប់ទៅកាន់តំបន់អង្គរផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ការបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្រាប់ខេត្តសៀមរាប នឹងជួយលើកមុខមាត់ដល់ខេត្តទេសចរណ៍ ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រមួយនេះ ឱ្យកាន់តែលេចធ្លោឡើងបន្ថែមទៀត ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ ក៏ដូចជាអ្នកវិនិយោគនានាផងដែរ។

នៅក្នុងជំនួបនោះដែរ ឯកឧត្តម Patrick Murphy ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដូចជាផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ ដល់ការអប់រំរបស់កុមារ ដែលសិក្សាតាមប្រព័ន្ធអនឡាញ ការរើសអើងដល់មនុស្សភេទទី៣ ពីមជ្ឈដ្ឋានខាងក្រៅ និងក្រុមគ្រួសារ និងបញ្ហាជម្លោះដីធ្លីជាដើម។

ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត បានខិតខំលើកកម្ពស់សិទ្ធសេរីភាពដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដោយមិនប្រកាន់ភេទនោះឡើយ។ លើសពីនេះ ជនភេទទី៣មួយចំនួន បានក្លាយជាមន្ត្រីរាជការ និងមួយចំនួនទៀតបម្រើការងារតាមវិស័យនៃផ្នែកឯកជនផងដែរ។ ទោះជាយ៉ាងនេះក្តី ការចំអកពេបជ្រាយពីមជ្ឈដ្ឋានមួយចំនួន នៅតែមាន តែនៅពេលខាងមុខយើងជឿជាក់ថា នឹងមានច្បាប់ ដើម្បីព្រមាន ឬពិន័យទៅលើជនណា ដែលប្រមាថមើលងាយដល់ភេទទី៣។ ចំពោះបញ្ហាទំនាស់ដីធ្លី នៅខេត្តសៀមរាប កើតមានឡើងជាង១០ឆ្នាំមកហើយ ដែលកន្លងមកនេះ អាជ្ញាធរខេត្តបានចុះដោះស្រាយ និងសម្របសម្រួលបញ្ហានេះបានជាច្រើនករណី។ ប៉ុន្តែចំពោះវិវាទ ឬជម្លោះដីធ្លី ដែលមានបង្កប់នូវនិន្នាការនយោបាយ គឺជាបញ្ហាប្រឈមធំ ដែលធ្វើឱ្យអាជ្ញាធរមានការលំបាកក្នុងការដោះស្រាយ៕