តើមានវិធានការផ្លូវច្បាប់លើអ្នកទិញ និងអ្នកលក់ដីសាធារណៈរដ្ឋដែរឬទេ? ខណៈបង្គោលថ្មដាំលើដីរដ្ឋត្រូវបានលោកអភិបាលស្រុកបញ្ជាឲ្យដកចេញ

0

ខេត្តតាកែវ៖ បង្គោលថ្មដែលបានដាំវាទីយកដីលិចទឹករបស់រដ្ឋដោយស្ត្រីពីរនាក់បងប្អូនរស់នៅរាជធានីភ្នំពេញត្រូវបានលោក ភួន ឈីម អភិបាលស្រុកបាទី បញ្ជាទៅលោក អ៊ុក សំបូរ មេឃុំត្នោតនាំកម្លាំងទៅដកចេញជាបណ្តើរៗហើយ ក្រោយម្ចាស់បង្គោលថ្មទាំង២នាក់មិនបានមកដកចេញតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ។
លោក ភួន ឈីម អភិបាលស្រុកបាទីបានបញ្ជាក់ថា ក្រោយការជូនដំណឹងរបស់អាជ្ញាធរស្រុកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយបានទុករយៈពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់បង្គោលថ្មដែលបានដាំមកដកចេញដោយខ្លួនឯង ហើយមកដល់ថ្ងៃទី១០កុម្ភៈ ម្ចាស់នៅតែមិនមកដក ទើបលោកបញ្ជាទៅរដ្ឋបាលឃុំត្នោត ដឹកនាំកម្លាំងដោយមានលោកមេភូមិ និងប្រជាការពារភូមិរំចេក ចុះដកបង្គោលថ្មដែលឈ្មួញបានដាំក្នុងដៃអូរជាដីសាធារណ:របស់រដ្ឋ។ លោកអភិបាលស្រុកបន្តថា បង្គោលថ្មចំនួន២៩ដើមត្រូវបានដកយកមករក្សាទុកនៅសាលាឃុំត្នោត រីឯបង្គោលថ្មជាច្រើនដើមទៀត រដ្ឋបាលឃុំនឹងដឹកនាំកម្លាំងចុះដកបន្តនៅរដូវទឹកស្រក។
ដោយឡែកអ្នកទិញនិងអ្នកលក់ ដីសាធារណៈរបស់រដ្ឋលោកអភិបាលស្រុកមិនបានបញ្ជាក់ថា តើលោកនិងចាត់ការតាមផ្លូវច្បាប់ដែរឬទេ? ឬថា ត្រឹមដកបង្គោលថ្មដែលដាំវាទីយកដីរដ្ឋហើយចប់ ខណៈមានទាំងលោកមេភូមិជាអ្នកចូលរួមជួយដើរវាស់ដីដាំបង្គោលថ្មឲ្យឈ្មួញដែរនោះ។ បើយោងតាមមាត្រា២៥៥ ជនណាលួចលក់ ឬបញ្ចាំ ទ្រព្យដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់៣ឆ្នាំ ដោយមិនគិតដល់ព្យុសនកម្ម ដែលបណ្ដាលមកពីអំពើរបស់ខ្លួន។
សូមរំឮកថា ចំណុចដៃអូរស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដីលិចទឹករបស់រដ្ឋជាង២០ហិចតា ត្រូវបានអ្នកស្រី ភឿង សុខហួង និងប្អូនស្រីឈ្មោះ ភឿង សុខម៉េង ដើរបញ្ចុះបញ្ចូលទិញពីប្រជាពលរដ្ឋ ដោយសារពលរដ្ឋមានការខ្វះខាតក្នុងគ្រួសារផង ក៏ចាប់ផ្តើមលក់ដីលិចទឹករបស់រដ្ឋជាបន្តបន្ទាប់រហូតមានការបោះបង្គោលវាទីយកដូចសព្វថ្ងៃនេះទៅ៕ ពូស៊្មីត