ស៊ីម៉ាក់អំពាវនាវដល់ពលរដ្ឋ អោយមានការប្រុងប្រយ័ត្ន ដាច់ខាតកុំប៉ះពាល់ដល់គ្រាប់មិនទាន់ផ្ទុះ

0

ខេត្តបាត់ដំបង: ចាប់ពីដើមខែកុម្ភៈ កន្លងទៅថ្មីៗនេះ នៅក្នុងខេត្តបាត់ដំបង មានការប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាញឹកញាប់ តាមរយ:ការជីករណ្តៅកសាងសាលារៀន ការជីកបង្កប់ខ្សែកាប និងខ្សែអុបទិក ជាដើម ដែលករណីខ្លះត្រូវបានអាជ្ញាធរប្រគល់ទៅអោយក្រុមសុីម៉ាក់ ដើម្បីយកទៅរក្សាទុក និងករណីខ្លះទៀត ត្រូវបានមន្ត្រីស៊ីម៉ាក់សុំធ្វើការកម្ទេចចោលនៅនឹងកន្លែង ដោយសារតែមិនអាចរំកិលឬលើកយកគ្រាប់ទាំងនោះចេញបាន។
ដោយឡែកនៅព្រឹកថ្ងៃទី១១ កុម្ភ: នេះ មានប្រជាពលរដ្ឋបានមករាយការណ៍ដល់កម្លាំងប៉ុស្តិ៍ព្រែកហ្លួង ដោយពួកគាត់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ១ គ្រាប់ ជាប្រភេទគ្រាប់កាំភ្លើងត្បាល់ នៅចំណុចកណ្តាលវាលស្រែ ក្នុងភូមិសាស្ត្រឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្រោយពីសមត្ថកិច្ចបានចុះទៅពិនិត្យគឺបានបញ្ជាក់ថា គឺជាប្រភេទគ្រាប់ផ្លោង ទំហំ ១០៥ មីល្លីម៉ែត្រ ដែលមានអនុភាពអាចសម្លាប់មនុស្ស សត្វ បាន ប្រសិនបើយើងយកវាទៅកែច្នៃ ឬក៏មានការប៉ះទង្គិចវាខ្លាំង។
នៅពេលនោះដែរ សមត្ថកិច្ចក៏បានរាយការណ៍ និងប្រគល់គ្រាប់នេះទៅអោយមន្ត្រីស៊ីម៉ាក់ប្រចាំតំបន់ ដើម្បីយកទៅកម្ទេចចោលតាមជំនាញរបស់អង្គភាព
ទន្ទឹមនឹងនេះដែរ ទាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីស៊ីម៉ាក់ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់ ប្រសិនបើឃើញគ្រាប់ ឬយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះណាមួយ ដោយមិនត្រូវប៉ះពាល់ជាដាច់ខាត ៕ អត្ថបទ ដោយព្រាប ស