លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស បានអញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល)ដល់គ្រួសារមន្ត្រីប៉ូលីស ដែលទទួលមរណៈភាព

ខេត្តតាកែវ៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈាង  ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានដឹកនាំសហការី និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រាសាទ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ។

អញ្ជើញចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី សែត ស៊ុន អត្តលេខៈ២៣៩៩១ ឋានៈនាយប៉ុស្តិ៍នគរបាលអង្គប្រាសាទ នៃអធិការដ្ឋាននគរបាលស្រុក គិរីវង់ ខេត្តតាកែវ ដែលទទួលមរណៈភាពថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយជំងឺ(ដាច់សរសៃឈាម) ព្រមទាំងបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល) និងថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន៥០០.០០០៛ (ហាសិបម៉ឺនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានៈ អង្ករ៥០គីឡូក្រាម មីជាតិចំនួន ០២កេស ទឹកសុទ្ធចំនួន ០២កេស  ទឹកត្រីចំនួន ០២យូរ ទឹកស៊ីអីវចំនួន ០២យូរ។ ដោយឡែកថវិកាតាមបណ្តាអង្គភាពចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវសរុបបានចំនួន ២,០០០,០០០៛(ពីលានរៀល) និងថវិកាអធិការដ្ឋាននគរបាលស្រុកគិរីវង់ចំនួន ១,០០០,០០០៛(មួយលានរៀល) ប្រគល់ជូនដល់លោកស្រី ឡឹង ចាន់រស្មី ត្រូវជាភរិយានៃសព ស្ថិតនៅភូមិភ្នំរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ឪពុកដ៏ល្អ​ ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃល្អ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕