ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមកកាន់ទីក្រុងទេសចរណ៍វប្បធម៍សៀមរាប

សៀមរាប៖ ក្នុងដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូស្ថានទូតអាមេរិក ប្រចាំកម្ពុជា មកកាន់ខេត្តសៀមរាបក្នុងរយៈពេល ៧ថ្ងៃកន្លងមក ឬហៅថាសប្ដាហ៍ស្ថានទូត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្ដម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះខេត្ដសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ធំ របស់កម្ពុជាមួយនេះ ដែលមានទំនាក់ទំនងយ៉ាងល្អប្រសើរ ទៅលើមិត្តភាពយូរអង្វែងរបស់ប្រជាជនកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។ 

ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មាន មកពីស្ថាប័នមួយចំនួនក្នុងខេត្តសៀមរាប នៅថ្ងៃទី១០ ខែកុម្ភៈនេះ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ខេត្តសៀមរាបជាទីក្រុងធំទី២ បន្ទាប់ពីរាជធានីភ្នំពេញ ជាទឹកដីអច្ឆរិយៈ មានសម្បត្តិបេតិកភ័ណ្ឌវប្បធម៍ជាច្រើន និងជាកន្លែងមានការជួបជុំប្រមូលផ្តុំលើវិស័យទេសចរណ៍។ នៅឆ្នាំ២០២២នេះ ក៏ដូចជាពេលកន្លងទៅ ស្ថានទូតអាមេរិក នៅតែបន្តយុទ្ធនាការសំខាន់ៗជាច្រើន លើចំណងមិត្តភាពយូរអង្វែង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

ឯកឧត្តមបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចសប្ដាហ៍ស្ថានទូតអាមេរិកនេះ គណៈប្រតិភូស្ថានទូតបានជួបប្រាស្រ័យការងារជាមួយដៃគូនានានៅកម្ពុជា ដែលធ្វើការក្នុងវិស័យសុខភាពសាធារណៈ អប់រំ វប្បធម៌ ពាណិជ្ជកម្ម យុវជន ការដោះមីន និងការអនុវត្តច្បាប់។ ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូត ក៍មានការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយពីទីភ្នាក់ងារប្រយុទ្ធជំងឺឆ្លងងអាមេរិក ចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាតុមូល ជាមួយក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងអ្នកតស៊ូមតិលើបញ្ហានេះ ព្រមទាំងគោរពវិញ្ញាណក្ខន្ធ អ្នកបច្ចេកទេសរបស់អង្គការដោះមីនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញការងារកាលពីខែមុន។កិច្ចការទាំងនេះ ជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជននៅសៀមរាប។

ឯកឧត្ដម ក៏បានលើកឡើងថា ទឹកដីសៀមរាប ជាទឹកដីអច្ឆរិយៈ ជាទឹកដីដែលមានសម្បត្តិបេតិកភ័ណ្ឌវប្បធម៍ ជាកន្លែងដែលមានការជួបជុំប្រមូលផ្តុំ វិស័យទេសចរជាដើម នេះជាអ្វីដែលយើងចង់បង្ហាញទៅកាន់ពិភពលោក ស្ថានទូតសហរដ្ឋអាមេរិកធ្វើការលើទឹកដីប្រទេសកម្ពុជាក្នុង២៥រាជធានីខេត្តទាំងអស់ ដែលជាប្រទេសមានសម្បត្តិបេតិកភ័ណ្ឌ ជាកន្លែងដែលមានការប្រមូលផ្តុំនូវសេដ្ឋកិច្ចជាដើម។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជា គឺនៅតែបន្ដសហប្រតិបត្ដិការណ៍ជាមួយគ្នាជាប់ជានិច្ច៕