ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អាជ្ញាធរត្រូវយកចិត្តទុកដាក់ការអប់រំយុវជនជំជាន់ក្រោយអោយក្លាយជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ

(កំពង់ធំ) លោក យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អាជ្ញាធរត្រូវយកចិត្តទុកដាក់ការអប់រំយុវជនជំជាន់ក្រោយអោយក្លាយជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ ក្នុងពេលដែលលោក ជួបសំណេះ សំណាល និងសួរសុខទុកជាមួយក្រុប្រឹក្សាឃុំ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ឃួន ឃុនឌី លោក ខៀវ មុត លោក ណាំ ទុំ លោកស្រី ចឹក ហេង ក្រុមប្រឹក្សាឃុំ១១ ឃុំក្នុងស្រុកកំពង់ស្វាយ ប្រមាណ៦០ នាក់ ។
ក្នុងនោះដែរលោក យ៉ង់ សែម បានមានប្រសាសន៍សាកសួរសុខទុក្ខចំពោះលោក លោកស្រី ដែលជាក្រុមប្រឹក្សាឃុំ នៅស្រុកកំពង់ស្វាយ ដោយក្តីនឹករលឹក និងបានកោតសរសើរខ្ពស់ចំពោះលោក លោកស្រី ជាក្រុមប្រឹក្សាឃុំដែលបានខិតខំប្រឹងធ្វើការបម្រើប្រជាជននៅមូលដ្ឋានទទួលបាន
លិទ្ធផលល្អ និងជំរុញអោយខិតខំបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់មានការជឿទុកចិត្តមកលើអជ្ញាធរ។

លោកបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់លើការ អប់រំយុវជនជំជាន់ក្រោយអោយក្លាយជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ ព្រោះថានៅក្នុងយុគ្គសម័យនេះមុននឹង អភិវឌ្ឍន៍ សង្គមជាតិ មួយ ឲ្យ មានអ្វីៗគ្រប់យ៉ាង គឺ មេដឹកនាំ គ្រប់ ជាន់ថ្នាក់ ឪពុកម្តាយ អាណាព្យាបាល និង លោកគ្រូ អ្នកគ្រូ គ្រប់រូប ត្រូវ បណ្តុះ ផ្នត់គំនិត ដល់ ពលរដ្ឋ យុវជន និង សិស្ស និស្សិត ទាំងអស់ ឲ្យ មាន គតិបណ្ឌិត ក្នុង ខ្លួន និង មាន មនសិការ ស្នេហា សង្គមជាតិ ជាមុនសិន។

លោកបានបន្តទៀតថាក្នុងនាមយើងជាអជ្ញាធរដែនដី ត្រូវតែខិតខំបម្រើប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេសនោះត្រូវពង្រឹងការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ ដោយអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងសហការណ៍ជាមួយមន្រ្តីជំនាញដើម្បីចុះអបរំដល់ប្រជាពលរដ្ឋ និងយុវជននៅក្នុងសហគមន៍អោយយល់ដឹងពីបញ្ហាគ្រឿងញៀន ព្រមទាំងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋអោយចូលរួមបង្កើនការដាំដុះបន្លែបង្ការនៅតាមផ្ទះ និងបង្កើតអាជីវកម្មខ្នាតូចតូចអោយបានច្រើន ដើម្បីបង្កើនជីវភាពគ្រួសារអោយកាន់តែល្អប្រសើរឡើង។

ក្នុងនោះដែរលោកនិងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគនិងទេយ្យទានទៅប្រគេនព្រះសង្ឃនិងប្រជាពលរដ្ឋ១១គ្រួសារ ប្រគេនដល់ព្រះសង្ឃ នៅក្នុងវត្តប្រាសាទស្វាយព្រៃ ឃុំកំពង់ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានចំនួន ០១ឃីត និងថវិកាមួយចំនួនផងដែរ ។រួមមាន៖ សាដក អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ និងបច្ច័យមួយចំនួន