នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ១៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់

0

រាជធានីភ្នំពេញ៖ កម្លាំងអធិការរដ្ឋាននគររបាលខណ្ឌជ្រោយចង្វារ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានឆ្មក់ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងបានឃាត់ខ្លួន ជនសង្ស័យចំនួន ១៤នាក់ ព្រមទាំងដកហូតវត្ថុតាំង ៣៤កញ្ចប់ថង់តូច។ ករណីចុះបង្រ្កាបនេះ បានធ្វើឡើងកាលវេលាម៉ោង៦ល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ក្រុមទី០៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អធិការនគបាលខណ្ឌជ្រោយចង្វារ លោក វរសេនីយ៍ឯក សៀម សុត្ថវុធ បានប្រាប់AMS បានឱ្យដឹងថា ក្នុងការចុះឆ្មក់បង្រ្កាបនេះ ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ១៤នាក់ ក្នុងនេះ ជួញដូរចំនួន បួននាក់ ប្រើប្រាស់ចំនួន ប្រាំពីរនាក់ និងចំនួន បីទៀត គ្មានសារធាតុញៀន ទើបធ្វើការអប់រំ និងណែនាំឱ្យត្រឡប់ទៅគេហដ្ឋានវិញ។
លោក វរសេនីយ៍ឯក សៀម សុត្ថវុធ ប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យជួញដូរថ្នាំញៀន បួននាក់មាន៖ ទី១-ឈ្មោះ កែវ កុសល ភេទប្រុស អាយុ ៣១ឆ្នាំ ដកហូតថ្នាំញៀន ៦កញ្ចប់ថង់ ទី២-ឈ្មោះ ពេជ្រ គង់ ភេទប្រុស អាយុ ២០ឆ្នាំ ដកហូតថ្នាំញៀន ៩កញ្ចប់ថង់ ទី៣-ឈ្មោះ វ៉ែន ស៊ីថា ភេទប្រុស អាយុ ២១ឆ្នាំ ដកហូតថ្នាំញៀន ១៨កញ្ចប់ថង់ និងទី៤-ឈ្មោះ បុត្រ បុណ ភេទប្រុស អាយុ១ ៧ឆ្នាំ ដកហូតថ្នាំញៀន ១កញ្ចប់ថង់ ។ចំណែកជនសង្ស័យប្រើប្រាស់ ប្រាំពីរនាក់ ទី១-ឈ្មោះ ព្រំ ចាន់រ៉ៃយ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ទី២-ឈ្មោះ ព្រឹម នាង ភេទប្រុស អាយុ ២៩ឆ្នាំ ទី៣-ឈ្មោះពៅ ង៉ែត ភេទប្រុស អាយុ ២៧ឆ្នាំ ទី៤-ឈ្មោះ លឹម លាវ ភេទប្រុស អាយុ ២៧ឆ្នាំ ទី៥-ឈ្មោះ ឃឹម ខុម ភេទប្រុស អាយុ ៣៩ឆ្នាំ ទី៦-ឈ្មោះ ហេង សុភក្រ ភេទប្រុស អាយុ ៣១ឆ្នាំ និងទី៧-ឈ្មោះ ថុន ឈាងលី ភេទប្រុស អាយុ ៣៨ឆ្នាំ។
សម្រាប់វត្ថុតាំង ដែលដកហូតយកបានពីជនសង្ស័យ រួមមាន៖ ថ្នាំញៀន ក្រាមពណ៌សថ្លា ចំនួន ៣៤កញ្ចប់ថង់តូច។
ក្រោយពេលប្រតិបត្តិការចុះបង្ក្រាបនេះ ជនសង្ស័យចំនួន ១១នាក់ ត្រូវបានកម្លាំងនគររបាលរដ្ឋបាលព្រែកលៀប បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកឯបីនាក់ទៀត ពិនិត្យទឹកនោម អវិជ្ជមាន ទើបធ្វើការអប់រំ និងណែនាំឱ្យត្រឡប់ទៅគេហដ្ឋានវិញផងដែរ៕