លោកជំទាវ ខូយ ប៊ុនថាន បានថ្លែងថា៖ ក្នុងនាមជាម៉ែដោះត្រូវផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅឲ្របានច្រើន ដល់ប្អូនៗ ក្មួយៗ ដែលជាកុមារកំព្រា កំពុងរស់នៅក្នុងមជ្ឈមណ្ឌល ឲ្យដូចជាកូនបង្កើតខ្លួន!

0

ព្រះវិហារ ៖ លោកជំទាវ ខូយ ប៊ុនថាន មានប្រសាសន៍ថា៖ ថ្នាក់ដឹកនាំជាស្រ្ដី មិនព្រងើយកន្តើយ ចំពោះប្អូនៗក្មួយៗទេ បើទោះបីជាប្អូនៗក្មួយៗមិនមាន អាណាព្យាបាល មើលថែផ្ដល់ភាពកក់ក្ដៅ ក៏ថ្នាក់ដឹកនាំ ក្រុមចលនាស្រី្ដមិនបោះបង់ប្អូនៗក្មួយៗចោលនោះដែរ ។ លោកជំទាវបន្តថា៖ ក្នុងនាមជាម៉ែដោះត្រូវស្រឡាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង ផ្តល់ភាពកក់ក្តៅ និងជួយបីបាច់ថែរក្សាក្មួយៗ ឲ្យបានចូលសិក្សារៀនសូត្រ ។

ប្រសាសន៍ថ្លែងនេះ លើកឡើងនៅក្នុងពិធី ជួបជុំហូបនំបញ្ចុកសាមគ្គី ក្នុងទិវានៃក្តីស្រឡាញ់ និងចែកអំណោយដល់ប្អូនៗក្មួយៗកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រុមការងារចលនាស្រ្ដីខេត្ត សហការជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៌ខេត្ត ដឹកនាំដោយលោកជំទាវ ខូយ ប៊ុនថាន និងលោកស្រី ប៉ាង រ៉ាវី ព្រមទាំងសមាជិកក្រុមកាងារចលនាស្រ្ដី ។

ជាមួយគ្នានោះ លោកជំទាវ ក៏បានធ្វើការផ្ដាំផ្ញើសួរសុខទុកដល់ ប្អូនៗក្មួយៗកុមារកំព្រាទាំងអស់ឲ្យយល់ច្បាស់ពី អត្ថន័យនៃទិវានៃក្ដីស្រឡាញ់ និងត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ស្តាប់ការណែនាំ ពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី ពិសេសត្រូវចៀសឱ្យឆ្ងាយពី គ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ និង ចូលរួម គោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិត យើងទាំងអស់គ្នា ព្រោះវាសនា អនាគត់របស់យើង គឺត្រូវពឹងលើខ្លួនឯង ។

អំណោយដែលយកទៅចែកជូនរួមមាន៖ កុមារ៨១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥,០០០រៀល កន្សែងពោះគោ០១ សាប៊ូដុសខ្លួន០១ដុំ ច្រាសដុសធ្មេញ០១ ថ្នាំដុសធ្មេញ០១ អ្នកគ្រូ៧នាក់ ម្នាក់ៗ ទទួលបានថវិកា ២០,០០០រៀល និងសំពត់វែង ១៕ សួនលីណា