អាជ្ញាធរចុះធ្វើការណែនាំដល់បងប្អូនអាជីវករ និងពលរដ្ឋមួយចំនួនក្រុងសៀមរាប អំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

សៀមរាប៖ លោក ហាយ យង់ ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ នៃរដ្ឋបាលក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះធ្វើការណែនាំបងប្អូនអាជីវករ និងពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប ឲ្យមានការយកចិត្តទុកដាក់បន្ថែមទៅលើរឿងអនាម័យជុំវិញផ្ទះ និងផ្លូវ។

ក្នុងការចុះណែនាំនេះដែរ ក្រុមការងារ បានចុះធ្វើការណែនាំ ដល់បងប្អូនពលរដ្ឋ និងអាជិវករ ដែលមានលំនៅឋានតាមបណ្តោយកំណាត់ផ្លូវ ពីរង្វង់មូលនាគពន្ធ័ រហូត ដល់ អតីតអាងក្រពើរ អំពីរបៀបទុកដាក់ វេចខ្ចប់ និងបញ្ចេញសំរាម អោយបានត្រឹមត្រូវ និងហាមយកសំរាម មកបោះចោលលើផ្លូវថ្មើរជើង ក្នុង ករណីនៅតែបន្ត ហើយក្រុមការងារប្រទះឃើញ និងធ្វើការផាកពិន័យ ដោយអនុលោមតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីធានាបាននូវ សោ-ភណ្ឌភាព សុខមាលភាព និងគុណភាពបរិស្ថានល្អ សម្រាប់ក្រុងសៀមរាបយើង។

ជាមួយគ្នានេះ ក្រុមការងារក៏បានពិភាក្សា ជាមួយភាគីតំណាងក្រុមហ៊ុនប្រមូលសំរាម អំពីលទ្ធភាពរៀបចំទីតាំងទទួលដាក់សំរាមបណ្តោះអាសន្ន សម្រាប់តំបន់នេះផងដែរ៕