ការបង្ក្រាបគ្រឿងញៀនក្នុងខារ៉ាអូខេកណ្តាលក្រុងបាត់ដំបងសមត្ថកិច្ចហាក់មានការលាក់លៀម

ខេត្តបាត់ដំបង: កិច្ចប្រតិបត្តិការ ដែលធ្វើឡើងដោយកម្លាំងសមត្ថកិច្ច ក្នុងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឆ្មក់ បង្រ្កាបគ្រឿង ញៀនមួយករណី នៅក្នុងទីតាំងខារ៉ាអូខេមួយ ដែលស្ថិតនៅកណ្តាលក្រុងបាត់ដំបង បានយ៉ាងជោគជ័យ។

ទីតាំងខារ៉ាអូខេ ដែលសមត្ថកិច្ចបង្ក្រាបនោះ គឺមានយីហោ ហាយក្លាស KTV ដែលស្ថិតនៅជាប់និងបុរីរតន: ជារបស់កូនប្រុសថ្នាក់ឧត្តមសេនីយ៍មួយរូបដោយរឹបអូសគ្រឿនញៀនបានមួយចំនួន និង ឃាត់ខ្លួនទាំងភ្ញៀវនិងបុគ្គលិកជាច្រើននាក់ កាលពីយប់ជិត រំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ការបង្រ្កាបនេះហាក់មានការបិទបាំង និងមិនផ្តល់ព័ត៌មានដល់អ្នកកាសែតណាមួយឡើយ ហើយទាក់ទងនិងការបង្រ្កាបនេះ លោកឧត្តមសេនីយ៍ កុយ ហៀង ស្នងការរង នគបាលខេត្ត ទទួលបន្ទុក ផែនគ្រឿងញៀន បានបដិសេធមិនអត្ថាធិប្បាយ ដោយលោកប្រាប់ថារវល់ជាប់ការកូន លោករុញអោយសួរការិយាល័យទទួលបន្ទុក ផ្ទាល់។

លោក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង មិនបានផ្តល់ព័ត៌មានលម្អិត ជុំវិញការ បង្រ្កាបនេះនោះទេ តាមរយ:ទូរស័ព្ទ កាលពីម៉ោងជិត១១ព្រឹកថ្ងៃទី១៦ខែកុម្ភៈ ដោយលោក បញ្ជាក់ថា លុះត្រាតែមានការអនុញ្ញាតពីតុលាការសិន និង លោកអោយរង់ចាំស្រង់ព័ត៌មានពីផេកស្នងការ ព្រោះ លោក ទទួលបញ្ជាមិនអោយទម្លាយព័ត៌មានផ្ទាល់ទៅអ្នកកាសែតបានទេ ខ្លាចខុស។

ទោះបីយ៉ាងណាក៏ដោយក៏លោក សុខនិមល បានបង្ហើបថាពិតជាមានការបង្រ្កាបគ្រឿងញៀននៅទីតាំងខាងលើមែន ហើយឃាត់ខ្លួនទាំងបុគ្គលិកនិងភ្ញៀវ ព្រមទាំងគ្រឿងញៀនច្រើនក្រែលដែរ ហើយជនសង្ស័យនឹង ត្រូវបញ្ជូន ទៅកាន់តុលាការនាថ្ងៃទី១៧ខែកុម្ភៈ តែមិនដឹងចំនួនប៉ុន្មាននាក់នោះទេ? ចាំមើលមេសិន?ព្រោះសួរចម្លើយមិនទាន់អស់ ។

តាមប្រភពក្រៅផ្លូវការបានអោយដឹងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទីតាំងខារ៉ាអូខេខាងលើនេះ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនបុគ្គលិកនិងភ្ញៀវប្រមាណជាង ៤០ នាក់ និង ដកហូតគ្រឿងញៀនមួយ ចំនួនធំ បញ្ជូនមកកាន់ស្នងការនគបាលខេត្តបាត់ដំបង ។

ប្រភពដដែលបានបង្ហើបថា ក្នុងចំណោមពួកគេជាង ៤០ នាក់នោះ បានធ្វើតេសរកឃើញវិជ្ជមាន កូវីដ-១៩ ប្រភេទអូមីក្រុង ចំនួន ៣ នាក់ ។

គេកត់សម្គល់ឃើញថាកន្លងទៅការិយាល័ប្រឆាំងគ្រឿងញៀនបានបង្កើតគ្រូបមួយដើម្បីផ្តល់ព័ត៌មានអោយអ្នកកាសែត ពេលបង្រ្កាបបានម្តងៗ ដោយផ្តល់ទាំងរបាយការណ៍និងរូបភាពផងដែរ តែមួយរយៈក្រោយមកនេះមានការរិតបន្តឹង ក្នុងការផ្តល់ព័ត៌មានដល់អ្នកកាសែត និង តម្រូវអោយសុំទៅតុលាការមុននឹងផ្តល់ព័ត៌មាន ឬ ចាំស្រង់ព័ត៌មានពីផេកស្នងការនៅពេលដែលរៀបចំរួច ដែលខុសពីខេត្តមួយចំនួនដែលផ្តល់ព័ត៌មានទាក់ទងគ្រឿងញៀនដល់អ្នកកាសែតបានយ៉ាងទូលំទូលាយជាង ។

មានទស្សនៈមួយចំនួនលើកឡើងថា ទាក់ទងការរិតត្បិតជុំវិញការបង្រ្កាបករណីគ្រឿងញៀននៅខេត្តបាត់ដំបងដល់អ្នកកាសែតនេះ ធ្វើអោយមានការសង្ស័យថាអាចងាយស្រួលក្នុងការដោះលែង ឬយ៉ាងណា ?

ទាក់ទងទស្សនៈជាចម្ងល់នេះគេនៅមិនទាន់បានទទួលការបកស្រាយពីមន្ត្រីជំនាញ ឬថ្នាក់ដឹកនាំដែលពាក់ព័ន្ធណាមួយនៅឡើយទេ ទាំងសមត្ថកិច្ច ក៏ដូចជាប្រព័ន្ធតុលាការ ៕ អត្ថបទ : ព្រាប ស