ឆក់បានសម្រេចតែប៉ូលិសតាមស្រាវជ្រាវនិងចាប់ខ្លួនយកមកវិញ

ខេត្តបាត់ដំបង ៖ មុខសញ្ញាឆក់កាបូប១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានតាមក្របួចយកមកវិញបន្ទាប់ពីជនសង្ស័យរូបនេះរួមនិងបក្ខពួក បានធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៩ និង ១០នាទី ព្រឹក ជំនាញបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ សុខ ស្រី ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ដែលបានប្តឹងទៅលើជន សង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់កាបូបយួរដៃពណ៌ក្រហមរបស់ខ្លួនកាលពីថ្ងៃទី០៧ កុម្ភ: វេលាម៉ោង៩យប់ នៅចំណុចក្រុមទី២៥ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ក្នុងពេលជនរងគ្រោះត្រលប់មកពីចូលរួមមង្គល់ការ ។

ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន កាបូបយួរដៃពណ៌ក្រហមចំនួន០១ ទូរស័ព្ទម៉ាកអុបប៉ូពណ៌ក្រហម០១គ្រឿង វែនតាពណ៌ខ្មៅចំនួន០១ និង កូនកាបូបតូចពណ៌ក្រហមនៅក្នុងកាបូបយួរដៃចំនួន១។

លោកអធិការបានបន្តថា ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍ជ្រោយស្តៅ បានចុះដល់កន្លែង ធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតដល់ថ្ងៃទី១៦ កុម្ភ: វេលាម៉ោង១២ និង ៤០នាទី នេះ ជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនបាន មុខសញ្ញាជនសង្ស័យចំនួន០១នាក់ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល និងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ពាក់ស្លាកលេខ បាត់ដំបង1S-0042 កាបូបយួរព៌ណក្រហម និងទូរស័ព្ទដៃរបស់ជនរងគ្រោះ យកមកវិញដោយបាននាំខ្លូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូប ជាមួយនិងបក្ខពួកម្នាក់ទៀតពិតប្រាកដមែន ដែលពេលនេះគេបានគេចខ្លួនទៅហើយ។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីចាត់ការតាមនីតិវិធី៕អត្ថបទ : ព្រាប.ស