អភិបាលខេត្តកំពង់ចាម​ចុះសួរសុខទុក្ខក្រុមការងារផលិតខ្សែភាពយន្ត​និង​សិល្បៈតារាសម្តែងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ នារសៀល​ថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានអញ្ជើញចុះសួរសុខទក្ខក្រុមការងារផលិតខ្សែភាពយន្ត​ និង​បងប្អូន​សិល្បៈ​តារា​សម្តែងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទ​ពេញបូណ៌មី​ នៅវត្តកោះគល់ ស្ថិត​ក្នុង​ឃុំកោះរការ ស្រុកកំពង់សៀម​ ព្រមទាំងបាន​ឧបត្ថម្ភ​នូវ​ថវិកា​​ចំនួន​ ​៤០លានរៀល​ផងដែរ​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ នេះ​ជា​មហា​កិត្តិយស​បំផុត​ ដែលគណៈកម្មការផលិត​ខ្សែភាពយន្តបែបប្រវត្តិសាស្ត្ររបស់កម្ពុជា រឿង “កូនប្រុសក្រោមពន្លឺ​ព្រះច័ន្ទ​ពេញបូណ៌មី”​ បាន​ជ្រើសរើស​យក​ខេត្ត​កំពង់ចាម​ សម្រាប់​ធ្វេីការថត​ខ្សែ​ភាពយន្ត​នេះ​មុន​គេ​។ សង្ឃឹម​ថា​រឿងនិទានបែបប្រវត្តិសាស្ត្រនេះ​ នឹង​បាន​ទស្សនា​នៅ​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​ក្រុម​ការងារ​ផលិត​រួច​ ហើយ​ខ្សែ​ភាពយន្ត​នេះ​នឹង​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ ឲ្យ​បាន​យល់ដឹង​អំពី​ប្រវត្តិ​តស៊ូ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ដែល​លោកបាន​ចំណាយ​ពេលវេលា​សឹងតែ​អស់​មួយ​ជីវិត​ ដេីម្បី​ស្វែងរកសន្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​របស់​យេីង​ ។

លោក​ ហ៊ុយ វាសនា សហដឹកនាំរឿង បានឲ្យដឹងថា​ ​ក្នុង​សាច់រឿង កូនប្រុសក្រោមពន្លឺ​ព្រះច័ន្ទពេញបូណ៌មី​ ​ទាំង៥២ភាគ​ គឺខេត្តកំពង់ចាម​គ្របដណ្ដប់​៧០ទៅ៨០ភាគរយ​ ព្រោះ​​មាន​សំណង់​ផ្ទះ​បូរាណ​ច្រើន​ដែល​ត្រូវ​តាម​សាច់រឿង​បរិយាកាស​​នាសម័យកាល​នោះ​ ដូច្នេះ​ក្រុម​ការងារ​បាន​ចាប់ផ្ដើម​​ផ្តោត​យក​ទីតាំង​ក្នុង​ខេត្តកំពង់ចាម​មុន​គេ​​ ក្នុង​នោះ​មាន​ស្រុកកំពង់សៀម​ កងមាស​ និង​ស្រុកកោះសូទិន​ ដោយមាន​តួ​សម្ដែង​​សំខាន់ៗ​​ ជាច្រើន​នាក់​ ក្នុងនោះ​ក៏មាន​តួយុទ្ធជន​ និង​តួ​ប្រជាជន​​ ដែលចាប់​ផ្ដើម​ថត​នៅ​ភូមិកោះគល់​ ឃុំ​កោះរការ​ ស្រុក​កំពង់សៀម​ ពោលគឺ​ត្រូវ​ថត​រយៈ​ពេល​១០ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ។

គួរ​បញ្ជាក់​ថា​ អនុគណៈកម្មការ ផលិតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺ​ព្រះច័ន្ទ​ពេញបូណ៌មី”នេះ គឺមាន លោក ហ៊ីម សុទិត្យ​ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងដឹកនាំរឿង ជាអនុប្រធាន និងមានទីប្រឹក្សាសមាជិក ចំនួន ១៣នាក់ផ្សេងទៀត​ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗ​ ចំនួន ១០៣នាក់ និងតួប្រជាជនយ៉ាងតិចមានចំនួន ៥០០ នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០ នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកម្សាន្តបុណ្យចូលឆ្នាំជាដើម។ ក្នុងនោះ​ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ​ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅ នាសម័យកាលនោះ​ ៕