ខេត្តកំពតពុំមានករណីឆ្លងរាលដាលជំងឺកូវីដ១៩ច្រើននោះទេខណៈវិធានការចាក់វ៉ាក់សាំងគ្រប់ដូស នៅតែបន្តសកម្មភាព

ខេត្តកំពត ៖ បើទោះជានៅតាមតំបន់ភូមិសាស្ត្រខេត្ត ក្រុង មួយចំនួនមានការរីករាលដាលជំងឺកូវីដ-១៩(អូមីក្រុង)ប៉ុន្តែសម្រាប់ខេត្តកំពត ហាក់ពុំមានការចម្លងធ្ងន់ធ្ងរនោះទេ។ ដោយឡែកចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែបន្តសកម្មភាព គ្រប់ដូស ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ក្នុងស្រុក ក្រុង ទាំង៩ នៃខេត្តកំពត។ នេះជាការលើកឡើងរបស់ លោក ញា ប៊្ននថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោកប្រធានបានបញ្ជាក់ផងដែរថា បច្ចុប្បន្នដោយផ្នែកផ្តល់សេវាសុខាភិបាលធ្វើការផ្សព្វផ្សាយដល់សាធារណជន ពិសេសប្រជាពលរដ្ឋតាមសហគមន៍នានាទូទាំងខេត្ត ដើម្បីឱ្យពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ចាប់ពីដូសទី១ រហូតដល់ដូសទី៤។

លោកបានបន្ថែមថា បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងបានគ្រប់ដូសនៅទូទាំងខេត្តកំពត ធ្វើឱ្យការរាតត្បាតជំងឺកូវីដ-១៩ មានការថយចុះយ៉ាងគំហុក ហើយបើគិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ត្រឹមតែ២១ករណី ដែលសុទ្ធសឹងជាកម្រិតស្រាលៗ ដោយអ្នកជំងឺភាគច្រើនបានជាសះស្បើយជាបន្តបន្ទាប់។លើសពីនេះ មន្ត្រីជំនាញសុខាភិបាល នៅតែបន្តផ្សព្វផ្សាយដល់សាធារណជន បងប្អូនប្រជាពលរដ្ឋមកបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅគ្រប់បណ្តាស្រុក ក្រុង ទូទាំងខេត្តកំពត។
ទោះជាបែបណា លោកប្រធាន នូវតែបន្តជំរុញដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការអនាម័យជាប្រចាំ គឺហូបស្អាត ផឹកស្អាត ហើយកុំភ្លេចនូវវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ៕ សេង ណារិទ្ធ