ខេត្តកែបនៅតែបន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ ខណៈអង្គភាពមួយចំនួនចម្លងវិរុសអូមីក្រុង មកពីខាងក្រៅ

ខេត្តកែប ៖ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានការថមថយចុះមួយរយៈ តែពេលនេះក៏មានអង្គភាពមួយចំនួនក្នុងខេត្តកែប បានរងនូវការចម្លងវិរុសអូមីក្រុង មកពីខាងក្រៅ ប៉ុន្តែការចម្កងពុំមានភាពធ្ងន់ធ្ងរនោះទេ ខណៈផ្នែកផ្តល់សេវាសុខភាពបានព្យាបាល ថែទាំទាន់ពេលវេលា។ដោយឡែកចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស ជូនប្រជាពលរដ្ឋ ត្រូវបន្តសកម្មភាពនៅគ្រប់មូលដ្ឋានទូទាំងខេត្តកែប។

លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៦នេះថា បើគិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ ការចាក់វ៉ាក់សាំងដូសទី១ ជូនពលរដ្ឋបានចំនួន៧នាក់ ចាក់វ៉ាក់សាំងដូសទី២ បានចំនួន៥នាក់ ចាក់វ៉ាក់សាំងដូសទី៣ បានចំនួន ១៩១នាក់ និងចាក់វ៉ាក់សាំង ដូសទី៤ បានចំនួន៣១នាក់។

ទាក់ទិននឹងភាពលេចឮ មានអ្នកឆ្លងវិរុសថ្មី អូមីក្រុង លោកប្រធានបានបញ្ជាក់ដែរថា អំឡុងពេលថ្មីៗនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង មកពីខាងក្រៅ តាមរយៈអង្គភាពនៃស្ថាប័នក្នុងខេត្តកែប ហើយខណៈនេះមន្ត្រីសុខាភិបាលបានគ្រប់គ្រងដោយអនុញញាតឱ្យគាត់ព្យាបាល តាមវិធីអប់រំ ថែទាណសុខភាព តាមគោលការណ៍ បច្ចេកទេសរបស់មន្ទីរសុខាភិបាល ដោយអ្នកជំងឺគ្មានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។

លោក ម៉ែន សុធីរ បានបន្តថា ក្នុងរយៈពេលនេះ ផ្នែកសុខាភិបាលទប់ស្កាត់មិនឱ្យមានការរីករាលដាលនៅក្នុងសហគមន៍ណាមួយឡើយ គឺយើងគ្រប់គ្រងបានល្អ ថែមទាំងបានបន្តអប់រំ ផ្សព្វផ្សាយ ណែនាំថែមទៀតអំពីគោលការណ៍សុខាភិបាល និងទៅដល់ក្រុមគោលដៅ នៅតាមទីប្រជុំជន និយាយរួមគឺផ្សព្វផ្សាយដល់អាវកម្មទេសចរណ៍ទាំងអស់ រាប់ទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន។ល។ ក្នុងដំណាក់កាលនេះដែរ យើងក៏មានការណែនាំបន្ថែមទៀតនូវការជំរុញចាក់វ៉ាក់សាំង នៅគ្រប់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ពិសេសការចុះចាក់វ៉ាក់សាំងជាបន្តបន្ទាប់នៅគ្រប់មូលដ្ឋាន នៃខេត្តកែបទាំងមូល។

សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកែបក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ខេត្តកែបពិតជាប្រែមុខមាត់ថ្មី ហើយក្នុងសម័យកាលជំងឺកូវីដ-១៩ លោកអភិបាលខេត្តតែងតែ ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ពិសេសគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងការជួយទំនុកបំរុងដល់ចាស់ជរា ជនពិកា ដោយគ្មានរើសអើង គ្មានប្រកាន់ពូជសាសន៍ ពណ៌សម្បុរនោះឡើយ៕ សេង ណារិទ្ធ