លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ (FPCS)

ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ Foreigner Presence in Cambodia System (FPCS) ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍, ស្នងការរង ទទួលផែនការងារសន្តិសុខ ស្នងការរងទទួលផែនការងារសេនាធិការ ស្នងការរងទទទួលទទួលផែននគរបាលព្រហ្មទណ្ឌ លោកនាយ-នាយរងការិយាល័យជំនាញ និងលោក -អធិការរង, នាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងមន្ត្រី សរុបចំនួន ៦៩នាក់ ។

ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីក្តាប់ឲ្យបានច្បាស់លាស់ អំពីចំនួនវត្តមានជនបរទេស និងទីកន្លែងស្នាក់នៅ របស់ជនបរទេសគ្រប់រូប មន្រ្តីជំនាញត្រូវតែយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងវត្តមានជនបរទេស និងការគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ FPCS នេះ។

ក្នុងនោះផងដែរ លោកស្នងការ ក៏បានណែនាំដល់លោកស្នងការង លោកនាយ-នាយរងការិយាល័យជំនាញ អធិការរង ជាពិសេសលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ទាំង២៤ ត្រូវយកចិត្តទុកដាក់យល់ច្បាស់ អំពីរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ដើម្បីជាគ្រូបង្គោល និងធ្វើការណែនាំបង្រៀនបន្ត ដល់បណ្តាម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានជនបរទេសស្នាក់នៅ។

បន្ទាប់មកទៀត ការិយាល័យជំនាញ បានធ្វើបទបង្ហាញបន្ថែមទៀត អំពីរបៀបបង្កើតគណនី និងរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ផងដែរ។

គួរជម្រាបថា គោលបំណងនៃការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស តាមរយៈប្រព័ន្ធអេឡិចត្រូនិកនេះ គឺដើម្បីងាយស្រួលដល់ការគ្រប់គ្រងវត្តមានជនបរទេស ដែលចូលមកស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការប្រើប្រព័ន្ធអេឡិចត្រូនិក FPCS (Foreigner Presence in Cambodia System ) អត្តសញ្ញាណជនបរទេសទាំងអស់ និងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់សមត្ថកិច្ច ហើយក៏ងាយស្រួល ក្នុងការគ្រប់គ្រងជនបរទេស ជាពិសេសគឺការបង្ក្រាបបទល្មើស និងក្រុមឧក្រិដ្ឋជនឆ្លងដែន បានទាន់ពេលផងដែរ៕ដោយ:ចាន់ ធី