ឪពុកចុងរំលោភកូនស្រីជាច្រើនដងនិងគម្រាមសម្លាប់ពេលបែកការសារភាពពីទង្វើរបស់ខ្លួន

0

បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនជនសង្ស័យជាឪពុកចុង ដែលធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនសង្ស័យជាឪពុកចុងឈ្មោះ ខាន់ សាវុធ ភេទប្រុសអាយុ ៤០ ឆ្នាំ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ចំណែកកូនស្រីឈ្មោះ សវសអ អាយុ១៥ឆ្នាំ  ។
លោកអធិការ បានបន្តថា៖នៅមុនពេលកើតហេតុជនរងគ្រោះនិងម្តាយ រួមទាំងជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៅទៀតដែលបួសនៅវត្ត ភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ពេលត្រឡប់មកវិញ យប់ងងឹតហើយនាំគ្នាសុំផ្ទះរបស់ឈ្មោះប៉ុច ភេទប្រុសអាយុប្រហែល ៤០ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុក អូរជ្រៅ ស្នាក់នៅមួយយប់។
នៅយប់នោះក្រោយពីហូបបាយពេលល្ងាចរួច ម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ នៅវេលាម៉ោង៦និង ៣០នាទី យប់ថ្ងៃដដែល ជាឱកាសល្អ ជនសង្ស័យបានចូលទៅចាប់ក្មេងស្រីរងគ្រោះក្នុងបំណងរំលោភ តែក្មេងរងគ្រោះស្រែក ពេលនោះម្តាយនាងមកទាន់ក៏កើតរឿងប្រតាយប្រតប់គ្នាហើយជនសង្ស័យក៏បាននិយាយប្រាប់   ម្តាយក្មេងស្រីរងគ្រោះ ដែលជាប្រពន្ធរបស់ខ្លួនថាគេស្រឡាញ់កូនស្រីចុងនេះមានរយៈពេល២ឆ្នាំហើយនិងបានរួមរក្សជាច្រើនដងតាំងពីឆ្នាំ២០១៩មកម្លេះ ។ពេលឮដូច្នោះ ម្តាយក្មេងរងគ្រោះក៏បានដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍នគរបាលើរដ្ឋបាលឃុំគុត្តសតនិងឃាត់ខ្លួនជនសង្ស័យមកសួរនាំ ។
លោកវរសេនីយ៍ឯក សែស វិបុល បានបញ្ជាក់បន្ថែមថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័ឈ្មោះ ខាន់ សាវុធ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួនពិតប្រាកដមែនតាំងពីឆ្នាំ២០១៩ ជាច្រើនដង  បន្ទាប់មកដោយខ្លាចនាងនិយាយរឿងខ្លួនបានរំលោភប្រាប់ម្តាយឬអ្នកជិតខាងនោះ ខ្លួនបានគម្រាមថាបើហ៊ាននិយាយខ្លួននិងសម្លាប់ចោលទាំងអស់ ។ចំណែកក្មេងស្រីរងគ្រោះក៏បានបំភ្លឺថា ឪពុកចុងនាងបានចាប់នាងរំលោភរយៈពេល០២ឆ្នាំហើយ ពេលធ្វើសកម្មភាពម្តងៗតែងតែ  គម្រាមនាងមិនឲ្យនិយាយប្រាប់នរណាឬម្តាយរបស់នាងឡើយ បើមិនដូច្នោះទេគាត់នឹងសម្លាប់ចោលទាំងអស់គ្នា ។
លោកវរសេនីយ៍ឯក ឡាយ  គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់បន្ថែមថា៖ ដោយផ្អែកលើបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ការបំភ្លឺពីក្មេងរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងចាត់ការតាមនិតិវិធី៕ដោយ៖ឃិន គន្ធា