អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យតំបន់បូជនីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន និងនាំយកអំណោយសម្តេចតេជោ ចែកជូនពលរដ្ឋ ២០០គ្រួសារ

0

ត្បូងឃ្មុំ:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ​ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំ​ក្រុម​ការងារ​ អញ្ជើញចុះពិនិត្យទីតាំងបូជនីយដ្ឋានប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកន រួមមានកស្សិនទឹកខាងលិច និងបឹងប្រាក់ (ជាទីកន្លែងផលិតប្រាក់ស្លឹងខ្មែរតាំងពីសតវត្សទី១៥ ដល់ដើមសតវត្សទី២០) រួមទាំងរូបសំណាក់ និងទីតាំងសក្ការៈមួយចំនួនទៀត។ ព្រមទាំង​នាំយក​អំណោយជាសារ៉ុង និងថវិកាមួយចំនួន​ ចែក​ជូន​បងប្អូនប្រជាពលរដ្ឋ និងជនចាស់ជរាចំនួន២០០គ្រួសារ ដែល​ខ្វះខាត​បន្ទាប់​ពី​រងផលប៉ះពាល់ដោយជំងឺ​កូវីដ-១៩ ផងដែរ ។

ថ្លែងក្នុងពិធីសំណេះសំណាលទៅកាន់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋ នាក្នុងបរិវេណវត្តព្រៃអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការចែកអំណោយនាពេលនេះដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់បងប្អូន ជាពិសេសតបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខជនងាយរងគ្រោះ ដែលរងផលប៉ះពាល់ក្នុងពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីរក្សាសុខុមាលភាពសង្គម និងសុខសុវត្ថិភាពនៅក្នុងសហគមន៏ ។

ឯកឧត្តមអភិបាលខេត្ត​ បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិឲ្យមានសុខសន្តិភាព ហើយធ្វើការអភិវឌ្ឍមានការរីកចម្រើនឥតឈប់ឈរ បើទោះបីក្នុងកាលៈទេសៈការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ទន្ទឹមនោះសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ទោះបីសម្តេចនៅឆ្ងាយក៏សម្តចនៅតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្តទៀតថា ទន្ទឹមនឹងមានការរីកចម្រើននេះ សូម​ឲ្យ​មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន រួមជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាអភិរក្សថែរក្សា វប្បធម៌ ប្រពៃណី ជំនឿ ឲ្យ​បានគង់វង្ស និងលើកស្ទួយតម្លៃកេរ្តិ៍តំណែលបុព្វបុរសបានបន្សល់ទុកឱ្យនៅលើទឹកដីប្រវត្តិសាស្រ្តនៃយើង​។ តួយ៉ាងដូចជាទីតាំងកស្សិនទឹកបឹងប្រាក់ និងរមណីយដ្ឋានប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកននេះ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ អន្តជាតិថាខ្មែរមានជំនឿ វប្បធម៌ ប្រពៃណីតាំងពីយូរយាណាស់មកហើយ និងអាចបង្កើតអោយមានជាការប្រណាំងទូក(ទូកត្នោត) សម្រាប់រដ្ឋបាលខេត្ត ក្នុងឱកាសពិធីបុណ្យអុំទូក ដែលជាបុណ្យជាតិផងដែរ ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព និងបន្តអនុវត្តន៍វិធានកា​ ៣ការពារ​ ៣កុំ​ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩ ផងដែរ​ ៕