អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាគម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តកសិកម្ម ក្នុងទំហំទឹកប្រាក់ប្រមាណជា​ ៣២លានដុល្លារ

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ បាន​ដឹកនាំ​មន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានក្រសួងធនធានទឹក និងឧតុនិយម ជាម្ចាស់គម្រោង​ ក្នុងទំហំទឹកប្រាក់​ប្រមាណ​ជា​ ៣២លានដុលា្លរ ដែលមានស្រុកចំនួនពីរទទួលផល រួមមាន៖ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៦ឃុំ ស្មើនឹង ២១ភូមិ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មាន ២ឃុំ ស្មើនឹង ៥ភូមិ។

គួរបញ្ជាក់ថា៖ ទំហំការងារ នៃគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ រួមមាន ៖
-ប្រឡាយមេ ចំនួន ១២ខ្សែ និងប្រឡាយរង ៤៦ខ្សែ មានប្រវែងសរុប ១០៥.៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧.១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨.១៧ គីឡូម៉ែត្រ
-សំណង់សិប្បៈការតូចធំ ចំនួន ១៩៥កន្លែង
-ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដេីរដោយចរន្តអគ្គីសនី បំពាក់ម៉ូទ័រ ៧គ្រឿង ចំនួន ១កន្លែង និងអាចស្រោចស្រពលើផ្ទៃដីរដូវវស្សា ប្រមាណ ៨.០០០ហិចតា និងរដូវប្រាំង ប្រមាណ ៨.០០០ហិចតា។

បច្ចុប្បន្ន​សកម្មភាពនៃការងារអនុវត្តគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម កំពុងអនុវត្តនៅក្នុងភូមិសាស្រ្តឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើតាមផែនការគឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោងដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណជា៧៥% ប៉ុណ្ណោះ​ ៕