លោកជំទាវ ឃួន ឃុនឌី៖គ្រប់ពេលដែលប្រទេសជួបការលំបាកមានតែសម្តេចនៅជាមួយប្រជាជនជានិច្ច

0

កំពង់ធំ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយថ្លែងថាគ្រប់ពេលដែលប្រទេសជួបការលំបាកមានតែសម្តេចនៅជាមួយប្រជាជនជានិច្ច។
លោកជំទាវបានថ្លែងក្នុងកិច្ចប្រជុំប្រចាំខែនិងសំណេះសំណាលជាមួយមន្ត្រីចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ ។
លោកជំទាវបន្តថាចំពេលដែលប្រទេសកម្ពុជាកំពុងទទួលបានការកោតសរសើរខ្លាំងចំពោះការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ។ ក្នុងដំណាក់កាលនៃការលំបាកបែបនេះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជាតែងតែនៅកៀក ប្រជាពលរដ្ឋស្គាល់ទុក្ខធុរ:គ្រប់កាលៈទេសៈទាំងអស់។”
លោកជំទាវបានថ្លែងអំណរគុណដល់មន្ត្រីរាជការក្រុមការងារទាំងអស់ដែលបានចុះជួយប្រជាពលរដ្ឋ ពេលមានខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត ឬផលលំបាកនានា មិនថាយប់ ឬថ្ងៃ ឬជនរងគ្រោះមាននិន្នាការនយោបាយខាងណាក៏ដោយ សកម្មភាពនៃការលះបង់របស់មន្ត្រីរាជការដែលជាសមាជិកបក្សទាំងអស់គ្នាពិតជាហត់នឿយណាស់ ម្យ៉ាងត្រូវប្រឈមមុខជាមួយហានិភ័យផង ម្យ៉ាងត្រូវប្រឈមជាមួយបញ្ហានានាជាច្រើនផ្សេងៗទៀតដែលជួបប្រទះផង ទាំងបញ្ហាផ្ទាល់ខ្លួន និងទំនួលខុសត្រូវដទៃទៀតផង តែមន្រ្តីមូលដ្ឋាននៅតែបន្តពុះពារបំពេញការងារឱ្យសម្រេចបានប្រកបដោយប្រសិទ្ធិភាពខ្ពស់។”
លោកជំទាវបានបន្តទៀតថា “សូមមន្ត្រីគណបក្សគ្រប់ថ្នាក់ ប្រកាន់យកគោលការណ៍” រក្សាចាស់ បង្កើតថ្មី ” សូមរក្សាសមាជិកបក្សចាស់ឲ្យបានល្អ បន្តគៀងគរ ពង្រឹង ពង្រីកសមាជិកថ្មី និងសមាជិកមកពីគណបក្សផ្សេងៗ ឲ្យមករួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា បន្តកសាងនូវអំពើល្អ និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមនានាប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបង្កើនការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ចុងក្រោយលោកជំទាវអំពាវនាវឲ្យចូលរួមការពារសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ៕