លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនដល់ជនត្រូវចោទនិងជនជាប់ចោទជាស្ត្រីមានកូនតូចតាម

0

ខេត្តសៀមរាប៖ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ផ្ដល់ជូនដល់ជនត្រូវចោទ និងជនជាប់ចោទ ព្រមទាំងពិរុទ្ធជន ជាស្ត្រីមានកូនតូចតាម និងស្ត្រីមានផ្ទៃពោះនៅពន្ធនាគារខេត្ត ចំនួន២០នាក់កាលពីរសៀលថ្ងៃទី២១ ខែកុម្ភះ ឆ្នាំនេះ ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ សុខ ណារ៉ូ ពៅហេង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ហើយយលោកជំទាវបានលើកឡើងថា ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ពិសេសដើម្បីរួមចំណែកគាំទ្រ “ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ” កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរខ្ពស់ចំពោះសុខភាពបងប្អូនជាស្ដ្រី និង កុមារ។ លោកជំទាវក៏បានលើកនូវខ្លឹមសារអត្ថន័យ សារសុខភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់មាតាៗ ដោយបានផ្តោតចំពោះ បងប្អូនស្ត្រីមានគភ៌ទាំងអស់ និង ត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា និងទារក និង ទទួលថ្នាំបង្ការជំងឺ១១មុខ កាលកំណត់របស់គ្រូពេទ្យ និងពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់មានអាយុ២ឆ្នាំ ព្រមទាំងបំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវភាព រួមជាមួយការបន្តបំបៅដោះកូនរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ និង ត្រូវប្រញាប់យកទារកទៅមន្ទីរពេទ្យភា្លម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺដទៃទៀត និង យកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ ទទួលការព្យាបាលនៅមន្ទីរពេទ្យ។ លោកជំទាវក៏បានណែនាំបងប្អូនស្ត្រីជាពិរុទ្ធជន ក៏ដូចអ្នកឯទៀតនៅក្នុងពន្ធនាគារនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ សំខាន់ចំពោះបងប្អូននៅទីនេះ ត្រូវអនុវត្តគោលការណែនាំ វិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ត្រូវលាងសម្អាតដៃនឹងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងរក្សាគន្លាតសុវត្ថិភាពផងដែរ។ លោកជំទាវបានផ្តល់នូវបទពិសោធន៍ល្អៗ អំពីវិធីថែទាំទារកចាប់ពីនៅក្នុងផ្ទៃ រហូតពេលសម្រាលជូនបងប្អូនស្ត្រី ដែលជាអ្នកម្តាយគ្រប់រូប គឺត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ នៅពេលបំបៅកូន និង កាផ្គត់ផ្គង់អាហារបំប៉នដល់កូនៗរបស់ខ្លួន ទៅតាមការណែនាំរបស់គ្រួពេទ្យ ព្រមទាំងត្រូវចេះថែទាំសុខភាព និង ខិតខំកែប្រែខ្លួន ឲ្យក្លាយទៅជាពលរដ្ឋល្អ ដើមី្បឆាប់បានវិលត្រឡប់ទៅកាន់ភូមិដ្ឋាន ជួបជុំក្រុមគ្រួសារ ប្រកបការងារយុត្តិធម៌ ក្នុងការកសាងសង្គមគ្រួសារមួយដ៏ល្អនៅក្នុងសង្គម ។

អំណោយមនុស្សធម៌បានផ្ដល់ជូនម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ កន្សែងពោះ១ ក្រម៉ា ១ មី១កេស ត្រីខ១យួរ ទឹកដោះគោ២កំប៉ុង ស្ករស១គីឡូក្រាម ខោអាវទារក ១កំប្លេរ ស្រោមដៃ ស្រោមជើង ១គូ ម៉ាស់ ១០បន្ទះ ជែល ១ដប និងថវិកាចំនួន ៥ម៉ឺនរៀល៕