ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ដោយសារគ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូពីរគ្រឿង

(ខេត្តកំពត)៖ មនុស្សម្នាក់បានស្លាប់យ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ សល់តែដង្ហើមចង្រិត ដោយសារជួបហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូពីរគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា នៅវេលាម៉ោង១និង៥០នាទី រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ជុំវិញករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ បើតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយថា មុនពេលជួបរឿងអកុសល គេឃើញជនរងគ្រោះទាំងពីរនាក់ ធ្វើដំណើរតាមម៉ូតូពីរគ្រឿងក្នុងទិសដៅពីកើតទៅលិច ដោយជនរងគ្រោះ(អ្នកស្លាប់) ជិះម៉ូតូម៉ាកC125 ផលិតឆ្នាំ២០១៤ នៅខាងមុខ រីឯម្នាក់ទៀតដែលរងរបួសធ្ងន់ជិះម៉ូតូC125 សេរីឆ្នាំ២០២០នៅខាងក្រោយ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក ម៉ាស្តា(Mazda) ពណ៌ស មួយគ្រឿងបានបោះពួយក្នុងល្បឿនលឿនដូចព្យុះសង្ឃរា មកពីលិចទៅកើត ក្នុងទិសដៅផ្ទុយគ្នា ហើយរថយន្តបង្កបានជែងរថយន្តមួយគ្រឿងផ្សេងទៀតនៅខាងមុខ ទើបជ្រុលទៅបុករះម៉ូតូជនរងគ្រោះទាំងពីរគ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់និងរបួសធ្ងន់ ហើយរថយន្តបង្កបានបើកគេចឆ្ពោះទៅទិសខាងលិចបាត់ស្រមោលតែម្តង។

ពាក់ព័ន្ទនឹងករណីគ្រោះថ្នាក់ចរាចរនេះ សមត្ថកិច្ចបាន បានឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងទីរួមស្រុកកំពង់ត្រាច ខេត្តកំពត ដោយជនរងគ្រោះជិះម៉ូតូ ម៉ាក C125 ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1S-0032។ដោយឡែកអ្នករងរបួសធ្ងន់ ជិះម៉ូតូC125 ឆ្នាំ២០២០ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សេង ណារិទ្ធ