ផ្ទះលក់ចាប់ហួយ២ខ្នង ព្រមទាំងសម្ភារៈមានតម្លៃជាច្រើន នៅផ្សារក្តាត ត្រូវអគ្គីភ័យលេបត្របាក់នៅយប់រំលងអធ្រាត សង្ស័យផ្ទុះកំប៉ុងហ្គាស

(ខេត្តកំពត)៖ ផ្ទះលក់ចាប់ហួយចំនួន២ខ្នង ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ត្រូវអគ្គិសភ័យលេបត្របាក់ស្ទើទាំងស្រុង កាលពីវេលាម៉ោង ០០ និង៣០នាទី ឆ្លងអធ្រាត ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ចំពោះការឆាបឆេះនេះ ក្រៅពីបានបំផ្លាញផ្ទះលក់ចាប់ហួយ២ខ្នង អគ្គិសភ័យក៏បានឆាបឆេះម៉ូតូចំនួន២គ្រឿង និងអីវ៉ាន់ចាប់ហួយ ព្រមទាំងសម្ភារៈមួយចំនួនផងដែរ។

 

ជុំវិញករណីអគ្គិសភ័យឆាបឆេះផ្ទះ២ខ្នងខាងលើ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ការឆាបឆេះនេះ គឺដើមចមបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសតូចៗ ដែលម្ចាស់ផ្ទះតម្រៀបដាក់លក់នៅក្នុងផ្ទះជាប្រចាំ ដោយកំប៉ុងហ្គាសមួយចំនួនធំមានបញ្ចូលហ្គាសពេញរួចហើយ ដើម្បីទុកលក់ដូរជាធម្មតា។ប៉ុន្តែចំពោះករណីផ្ទុះហ្គាសនេះ អាចមកពីមានកំប៉ុងខ្លះចាស់ពេក ទើបងាយប្រឈមនឹងការផ្ទុះ និងមានភ្លើងឆាបឆេះដ៏សន្ធោរសន្ធៅតែម្តង។

 

សមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា ក្រោយពីមានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាបបានរាយការណ៍ទៅសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តដើម្បីជួយអន្តរាគមន៍ ដោយខណៈនោះ កម្លាំងពន្លត់អគ្គីភ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៉េង ពិសិដ្ឋ ស្នងការរងទទួលផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹកនាំកម្លាំងរបស់ខ្លួនដើម្បីជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តបាញ់ទឹកពន្លត់ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦រថយន្ត ហើយបានជួយអន្តរាគមន៍ពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ។

 

ចំពោះអគ្គីភ័យឆាបឆេះផ្ទះអ្នកលក់ចាប់ហួយ២ខ្នងខាងលើនេះ មិនបណ្តាលឱ្យមានការរងរបួស ឬស្លាប់បាត់បង់ជីវិតមនុស្សនោះទេ ដោយគ្រាន់តែខូចខាតអីវ៉ាន់ចាប់ហួយ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ៕ សេង ណារិទ្ធ