សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនជាតិថៃ២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន រកឃើញថ្នាំញៀន ប្រភេទម្សៅ និងគ្រាប់

បន្ទាយមានជ័យ៖ កម្លាំងជំនាញនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងជំនាញនគរបាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃប្រុស.ស្រី ២នាក់ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងវត្ថុតាងគ្រឿងញៀនប្រភេទគ្រាប់ និងប្រភេទម្សៅ។

 

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា៖ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថាមានករណីជួញដូរ នឹងប្រើប្រាស់ថ្នាំញៀន នៅចំណុចទីតាំងខាងលើ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឲ្យលោកដឹកនាំ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការស្រាជ្រាវ ដល់ទីតាំងបានឃាត់ខ្លួនជនសង្ស័យរក្សាទុក និងជួញដូរយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែតជាជនជាតិថៃប្រុស.ស្រីចំនួន២នាក់ ១.ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ(ជនជាតិ ថៃ), ២.ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ(ជនជាតិថៃ)

 

លោកស្នងការរងបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖១.ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥,២.ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ សរុបចំនួន២៩២០ គ្រាប់,៣.ម្សៅក្រាមសថ្លា ចំនួន១០៣ថង់ ,៤.សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ៥.កូនជញ្ជីងចំនួន១,ទូរស័ព្ទដៃចំនួន០២គ្រឿង,ដែកកេះមួយចំនួន។

 

ជនសង្ស័យទាំង០២នាក់ កម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តចាត់ការតាមនិតិវិធី៕