អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ៨៣៥នាក់ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ខេត្តកំពតៈ នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខេត្តកំពតបានរៀបចំពិធីសំណេះសំណាលនិងបញ្ចូលសមាជិកថ្មីដែលជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងគណបក្សនានាចំនួន៨៣៥នាក់មកពីក្រុងស្រុកទាំង៩នៅក្នុងខេត្ត ដែលបានស្ម័គ្រចិត្តចូលរួមមករស់ជាមួយគណបក្សប្រជាជនកម្ពុជា។ពិធីនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ាលី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងឯកឧត្តមម៉ៅ ធនិន ប្រធានគណបក្សខេត្ត។
មានប្រសាសន៍នៅក្នុងពិធីនោះ ឯកឧត្តមអ្នកឧកញ៉ា លី សាម៉េត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករឭកជាទីបំផុត។ ជំនួសមុខឲ្យសម្តេចប្រធានគណបក្ស និងថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត អ្នកឧកញ៉ាពិតជាមានសេចក្តីសោមនស្ស និងសប្បាយរីករាយក្រៃលែង ដែលបងប្អូនអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានស្ម័គ្រចិត្តមកចូលរួមក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមទីប្រឹក្សាបានបញ្ជាក់ថា ការចម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួនយើង គ្រួសារយើង សង្គមជាតិយើងទាំងអស់គ្នា។ ហើយវាជាទង្វើដ៏ត្រឹមត្រូវបំផុត ដើម្បីគាំទ្រ និងរក្សានូវសុខសន្តិភាព បរណភាពទឹកដី គាំទ្រការអភិវឌ្ឍន៍ ពិសេសចូលរួមតបស្នងសង់គុណដល់ដូងព្រលឹងដូនជីតាវីរៈបរុសខ្មែរដែលបានបន្សល់ទុកនូវទឹកដីសុវណ្ណភូមិដ៏បវរដល់យើងទាំងអស់គ្នា ពិសេសសង់គុណសម្តេចតេជោដែលធ្វើឲ្យប្រលឹងជាតិខ្មែររស់ឡើងវិញ និងបន្តរុងរឿងកាន់តែខ្លាំងតទៅក្មេងជំនាន់ក្រោយៗទៀត។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ដែលថា ឯកឧត្តម សប្បាយចិត្តណាស់ និងសូមស្វាគមន៍ចំពោះការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយចាប់ពីថ្ងៃនេះទៅ ឯកឧត្តមសុំចូលខ្លួនជាសមាជិកថ្មីម្នាក់ទៀតនៅគ្រប់ក្រុមគ្រួសារ បានន័យថាគ្រប់ក្រុមគ្រួសារពលរដ្ឋមានកូនម្នាក់ ឬ បងម្នាក់ ឬប្អូនម្នាក់ ឬពូម្នាក់ ដែលមានតំណែងតួនាទីជាអភិបាលខេត្តកំពត។ ហើយរាល់បញ្ហា តម្រូវការជីវភាព ទុកលំបាកផ្សេងៗសូមទំនាក់ទំនងមកឯកឧត្តមបានគ្រប់ពេល ហើយក្នុងនាមឯកឧត្តមជាប្រធានគណបក្សខេត្ត ប្រធានគណៈបញ្ជាការឯកភាពសាលាខេត្ត ឯកឧត្តមមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ រស់នៅរងារ ខ្វះភាពកក់ក្តៅ រឺទទួលរងនូវភាពអយុត្តិធម៌នោះតែម្នាក់ឯងនោះទេ៕